(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រជាចាស់ជរាគ្មានទីពឹងជាច្រើននាក់ រស់នៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ។
នៅក្នុងឱកាសនោះលោក ឃិន ញ៉ាណ បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា ក៏ដូចជា ប្រជាពលរដ្ឋងាយរងគ្រោះផ្សេងទៀត។
ជាមួយគ្នានោះដែរ លោក ឃិន ញ៉ាណ បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋលោកយាយ លោកតា ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងកុំមានការអស់សង្ឃឹមឱ្យសោះ ព្រោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មិនទុកឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់រស់នៅក្នុងភាពឯកោនោះទេ។
ម្យ៉ាងវិញទៀតសូមបងប្អូន លោកយាយ លោកតា ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនៅកម្ពុជាយើងនេះ ឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅទៀត ដើម្បីអោយប្រទេសជាតិយើងកាន់តែ មានការអភិវឌ្ឍន៍ សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត៕