(បាត់ដំបង)៖ ក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំជ្រៃ ដឹកនាំដោយលោក គង់ កៃដូ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំជ្រៃ ក្នុងស្រុកមោងឬស្សី និងជាស្នងការរង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយរដ្ឋបាលស្រុកមោងឫស្សី អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍ ដែលពុំធ្លាប់មានចំនួន៣ ក្នុងថ្ងៃតែមួយរួមមាន៖ រត់ម៉ារ៉តុនស្រុកយើង (ពេលព្រឹក), បុណ្យភូមិ ឬបុណ្យដាលាន (ពេលរសៀល), ល្ខោនបាសាក់ និងបាញ់កាំជ្រួច (ពេលយប់)។
លោក គង់ កៃដូ បានឱ្យថា នេះជាលើកទី១ ហើយដែលក្រុមការងារសហការរៀបចំនូវព្រឹត្តិការណ៍នេះឡើង ហើយព្រឹត្តិការណ៍នេះ រៀបចំឡើង ក្នុងន័យបង្កបរិយាកាសរីករាយ និងស្និទស្នាលរវាងអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋទូទៅ និងចង់បង្ហាញអំពីជីវភាពរស់នៅស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍលើគ្រប់វិស័យ សាមគ្គីភាព តម្លាភាព សុក្រិតភាព រួមសុខទុក្ខគ្រប់ពេលវេលា ជ្រកក្រោមម្លប់សន្តិភាព និងមាគ៌ាគោលនយោបាយផែនការយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកាដឹកនាំដ៏ត្រឹមឆ្លៀសវៃ របស់សម្ដេចតេជោ ហ៊ុន សែន។
លោក គង់ កៃដូ បានបន្តថា ទោះបីជាទដ្ឋិភាពខាងលើ បានបង្កលក្ខណៈសប្បាយរីករាយក៏ពិតមែន ប៉ុន្តែលោកមិនភ្លេចទេនូវការចូករួមរំលែកទុក្ខ ដ៏ក្រៀមក្រំ ចំពោះបងប្អូនជនរងគ្រោះ ក្នុងឧបទ្បវហេតុបាក់អគារកម្ពស់៦ជាន់ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួលធ្ងន់ និងស្រាលជាង២០នាក់ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ម្សិលមិញ។
ចំពោះកម្មវិធីរត់ម៉ារ៉ាតុន ដែលជាកម្មវិធីទី១ ក្នុងចំណោមកម្មវិធីទាំង៣ នៃព្រឹត្តការណ៍ខាងលើ មានកីឡាករចំនួន១០០០នាក់ ដោយបែងចែងជា ៣ប្រភេទ គឺវ័យចាស់ ២០០នាក់, យុវជន ៦០០នាក់ និងកុមារ ២០០នាក់។ ដោយឡែក ចំពោះកម្មវិធីចំនួន២ បន្ទាប់ទៀតនោះ គឺបុណ្យភូមិ ឬបុណ្យដាលាន (ពេលរសៀល), ល្ខោនបាសាក់ និងបាញ់កាំជ្រួច (ពេលយប់) ក្រុមការងាររៀបចំព្រឹត្តការណ៍ រំពឹងមានអ្នកចូលរួមចំនួន១ម៉ឺននាក់នឹងមកចូលរួម។
សូមបញ្ជាក់ផងដែរថា ក្នុងនោះពានរង្វាន់ដែលទទួលបានរួមមានលេខ១៖ ពាន១ ទង់ជយលាភី១ ប្រាក់រង្វាន់ ៤០ម៉ឺនរៀល, លេខ២៖ ទង់ជយលាភី១ ប្រាក់រង្វាន់ ៣០ម៉ឺនរៀល និងលេខ៣៖ ទង់ជ័យលាភី១ ប្រាក់រង្វាន់ ២០ម៉ឺនរៀល៕