(កែប)៖ បន្ទាប់ពីចំណាយពេលវេលាអស់ពេញមួយយប់ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅកាន់ទីតាំងអគារបាក់រលំ នៅខេត្តកែបជាថ្មីម្តងទៀត ដើម្បីបន្តដឹកនាំបញ្ជារុករកជនរងគ្រោះ ដែលបាត់ខ្លួនកប់នៅក្នុងគំនរអគារនេះសម្រាប់ថ្ងៃទី២។
គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់ ៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន ២៥នាក់ហើយ ក្នុងនោះមានជនរងគ្រោះ ៧នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត ១៨នាក់។
ករណីរលំបាក់អគារកម្ពស់ថ្មីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ។
អគារដែលបាក់រលំនេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៕