(កែប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចុះផ្ទាល់ដើម្បីជួយជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់សម្តេចថា មកទល់នឹងព្រឹកនេះ ក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត ខណៈគិតត្រឹមម៉ោង៥ព្រឹក ជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ ក្នុងនោះស្លាប់៧នាក់។
កាលពីយប់មិញថ្ងៃទី៣ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានអញ្ជើញធ្វើដំណើរពីភ្នមពេញមកទាំងយប់ ហើយបាននៅជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់រហូតដល់ម៉ោង៥៖០០ទៀបភ្លឺ ចូលដល់ថ្ងៃទី ៤ មករា ដែលពេលនោះបានជួយសង្គ្រោះជនរងគ្រោះ២នាក់ប្តីប្រពន្ធរួចផុតពីសេចក្តីស្លាប់។
បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញមកសួរសុខទុក្ខប្តីប្រពន្ធទាំងពីរនាក់ និងបងប្អូនរងគ្រោះជាច្រើនទៀត នៅមន្ទីរពេទ្យបង្អែកខេត្តកែបនេះ។
សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។
អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ ហើយមកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងខេត្តកែបនៅឡើយ៕