(ភ្នំពេញ)៖ នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណសរុបចំនួន ៦២០,១០៦តោន ថយចុះចំនួន៦,១១៩តោនស្មើនឹង០.៩០% បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ៦២៦,២២៥តោន។ នេះបើយោងតាមរបាយការណ៍ផ្លូវការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ។
របាយការណ៍បានបង្ហាញនូវគោលដ៏ដៅសំខាន់ សម្រាប់នាំចេញអង្កររបស់កម្ពុជា កាលពីឆ្នាំ២០១៩ ដែលមានដូចជា៖
១៖ ប្រទេសចិនក្នុងឆ្នាំ២០១៩ មានចំនួន២៤៨,១០៥តោន មានការកើនឡើងចំនួន៦២,៥៦៨តោន ស្មើ២៥.២០% បើធៀបនឹងបរិមាណនាំចេញដូចគ្នាឆ្នាំ២០១៨ មានចំនួនតែ ១៨៥.៥៣៧តោន។
២៖ សហភាពអឺរ៉ុបក្នុងឆ្នាំ២០១៩ មានចំនួន២០២,៩៩០តោន មានការថយចុះចំនួន៦៦,១៣៧តោនស្មើ៣២.៦០% ធៀបនងបរិមាណនាំចេញ
ឆ្នាំ២០១៨ មានបរិមាណរហូតដល់ ២៦៩,១២៧តោន។
៣៖ ប្រទេសសមាជិកអាស៊ាន ឆ្នាំ២០១៩ មានចំនួន៨៣,១៦៤តោន មានការថយចុះចំនួន១៩,៧៨២តោនស្មើ២៣.៨០% ធៀបនឹងបរិមាណនាំចេញឆ្នាំ២០១៨ ដែលមានចំនួនតែ ១០២,៩៤៦តោន។
៤៖ ប្រទេសផ្សេងៗទៀតឆ្នាំ២០១៩ មានចំនួន ៨៥,៨៤៧តោន មានការកើនចំនួន១៧,២៣២តោនស្មើនឹង២០.១០% ធៀបនឹងបរិមាណនាំចេញឆ្នាំ២០១៨ មានចំនួនតែ៦៨,៦១៥តោន ។
នៅឆ្នាំ២០១៩ អង្កររបស់កម្ពុជា បានជួបនូវបញ្ហាដោយសារការយកពន្ធនាំចូល អង្ករពីសហគមន៍អឺរ៉ុប ដែលជះឥទ្ធិពលអវិជ្ជាមានដល់វិស័យនេះ។ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩មក អឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន។
ប្រទេសចិន ដែលជាប្រទេសនាំចេញអង្ករពីកម្ពុជា នៅឆ្នាំ២០១៩ បានដំឡើងកូតានាំចូលអង្ករដល់កម្ពុជា ពី៣០ម៉ឺនតោនក្នុងមួយឆ្នាំ ដល់៤០ម៉ឺនតោនក្នុង១ឆ្នាំ ប៉ុន្តែចំនួននេះ កម្ពុជាមិនទាន់បាននៅឡើយទេ ដោយឆ្នាំ២០១៩ កម្ពុជានាំចេញចិនបានតែជិត២៥ម៉ឺនតោនប៉ុណ្ណោះ៕