(កោះកុង)៖ អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេបំផុតលើពិភពលោក លោក Bruno BODARD បានបញ្ជាក់ថា កត្តាសំខាន់ដែលជំរុញឱ្យក្លឹបឆ្នេរសមុទ្រស្អាតជាងគេបំផុតលើពិភពលោក ពេញចិត្តក្នុងការសហការរៀបចំព្រឹត្តិការណ៍ពិភពលោកនេះឡើង គឺដោយសារកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ខណៈដែលទេសភាពដ៏ស្រស់ស្អាតនៃតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងមានភាពល្បីល្បាញទូទាំងពិភពលោក និងមានការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ។
ការបញ្ជាក់បែបនេះរបស់លោក Bruno BODARD ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលោកទី១ ឆ្នាំ២០២០ នៅតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។
លោក Bruno BODARD បានកោតសរសើរថា ឆ្នេរសមុទ្រកម្ពុជា គឺជាដៃគូដ៏សំខាន់នៃក្លឹបឆ្នេរសមុទ្រស្អាតជាងគេបំផុតលើពិភពលោក ដែលមានការដឹកនាំការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ។
លោកបានរំឭកថា គំនិតផ្ដួចផ្ដើមដំបូងនៃការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ គឺកាលពីប៉ុន្មានឆ្នាំមុននៅតំបន់តារាសាគរ លោកត្រូវបានអញ្ជើញមកត្រួតពិនិត្យ និងវាយតម្លៃពីសោភ័ណភាព និងការរីកចម្រើននៅតាមតំបន់ឆ្នេរកម្ពុជា គិតចាប់តាំងពីព្រំដែនប្រទេសថៃ នៃខេត្តកោះកុង ទើបឈានដល់ការរៀបចំព្រឹត្តិការណ៍នេះឡើង។
លោក Bruno BODARD បានបន្តកោតសរសើរពីកិច្ចសហប្រតិបត្តិការរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏ដូចជាសហព័ន្ធប្រណាំងកង់ពិភពលោក សហព័ន្ធទោចក្រយានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដទៃទៀតរបស់កម្ពុជា ដែលជំរុញឱ្យលោកកាន់តែរីករាយក្នុងការរៀបចំព្រឹត្តិការណ៍នេះ។
លោក Bruno បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការជួយជំរុញការផ្សព្វផ្សាយពីតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាឆ្នេរស្អាតជាងគេបំផុតលើពិភពលោកក្នុងចំណោមឆ្នេរស្អាតដទៃទៀត។ ព្រមជាមួយគ្នានោះ តំបន់ទេសចរណ៍ អេកូទេសចរណ៍ និងរមណីយដ្ឋាននានា ពិសេសគឺតំបន់វិស្សមកាលតារាសាគរនេះ ក៏ត្រូវបានពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោក និងទីផ្សារទេសចរណ៍អន្តរជាតិផងដែរ។
លោកបានបញ្ជាក់ថា ប្រសិនបើមានឱកាសក្រោយៗក្នុងការរៀបចំព្រឹត្តិការណ៍នានានៅតំបន់ឆ្នេរសមុទ្រកម្ពុជា លោកប្រាកដជារីករាយក្នុងការសហការជានិច្ច ព្រោះអនុស្សាវរីយ៍ល្អៗពីការធ្វើការជាមួយគ្នា ពិសេសគឺសោភ័ណភាព ភាពទាក់ទាញនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា បានអន្ទងចិត្តលោកឱ្យស្រលាញ់ប្រទេសកម្ពុជាជាខ្លាំង៕