(កែប)៖ រហូតដល់ពេលនេះ ម្ចាស់ការរដ្ឋានសំណង់អគារដែលបាក់រលំនៅខេត្តកែប កំពុងស្ថិតនៅក្រោមការសាកសួររបស់មន្ត្រីមានសមត្ថកិច្ច ក្រោមការដឹកនាំដោយ តំណាងអយ្យការ នៅស្នងការដ្ឋាននគរបាលខេត្តកែប។
យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលម្អិតអំពីអត្តសញ្ញាណម្ចាស់ការដ្ឋានសំណង់នេះនៅឡើយទេ។
សូមបញ្ជាក់ថា អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ២០-៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។
អគារដែលបាក់រលំនេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
គិតម៉ោង៩៖២៣នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ២០នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប៕