(កែប)៖ គិតត្រឹមម៉ោង៩៖២៣នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្គ្រោះ បានរកឃើញជនរងគ្រោះ២០នាក់ នៅក្នុងគំនរអគាររលំបាក់នៅខេត្តកែប ដែលក្នុងនោះមានជនរងគ្រោះ ៤នាក់បានស្លាប់ (ស្រី៣នាក់)។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលខេត្តកែប។
រដ្ឋបាលខេត្តនេះបានបញ្ជាក់ថា៖ «មកទល់ពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាយ៉ាងមមាញឹក ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរបាក់បែកនៃការដ្ឋាននេះ។ ព័ត៌មានទទួលបានជាបឋម (គិតត្រឹមម៉ោង០៩:២៣យប់នេះ) ក្រុមការងារសង្គ្រោះ បានជួយសង្គ្រោះជនរងគ្រោះចំនួន២០នាក់ ក្នុងនោះស្លាប់០៤នាក់(ស្រី០៣នាក់)»។
សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។
អគាររលំបាក់នេះស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៕