(ភ្នំពេញ)៖ តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកឧកញ៉ា ហ៊ុន តូ និងដៃគូសហការ បានជួយឧបត្ថម្ភថវិកាចំនួន៥២ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះក្នុងករណីរលំអគារកម្អស់៧ជាន់ នៅខេត្តកែប។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថ្លែងអំណរគុណដល់ ឧកញ៉ា ហ៊ុន តូ និងដៃគូ ចំពោះការចូលរួមជួយដល់ជនរងគ្រោះដោយករណីរលំអគារនេះផងដែរ។
គិតម៉ោង៨៖៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។
សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា បានជាប់គាំងក្នុងគំនរអគារនេះ៕