(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាលី ខាមេណៃ (Ali Khamenei) បានសម្រេចចិត្តតែងតាំងលោក អ៊ីស្មែល ហ្គាអានី (Esmail Ghaani) ជាមេបញ្ជាការកងអង្គភាពពិសេស (Quds Force) ថ្មីក្រោយពីលោក កាស្សេម សូឡៃមេនី (Qasem Soleimani) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។
លោក Ali Khamenei បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា «បន្ទាប់ពីលោកឧត្ដមសេនីយ៍ Qasem Soleimani ដ៏អសា្ចរ្យរបស់យើង បានទទួលមរណភាពហើយ។ ដូច្នេះខ្ញុំសម្រេចចិត្តតែងតាំងលោក Esmail Ghaani មេបញ្ជាការកងអង្គភាព Quds Force ថ្មីនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់»។
គួរជម្រាបថា នៅថ្ងៃសុក្រនេះទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់សុទ្ធតែបានទទួលស្គាល់ថា លោក Qasem Soleimani ពិតជាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយសហរដ្ឋអាមេរិកលើក្បួនរថយន្ដមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ ក្រៅពីលោក Soleimani លោក អាបូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការនៃកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ ក៏បានស្លាប់ក្នុងការវាយប្រហារនេះផងដែរ។ ទង្វើនេះបានធ្វើឲ្យអ៊ីរ៉ង់បញ្ចេញប្រតិកម្មខ្លាំងៗ និងបានព្រមានសងសឹកឲ្យចាស់ដៃលើទីក្រុងវ៉ាស៊ីនតោន៕