(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ សាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានលោក ប៊ុន ចំរើន ជាប្រធានសាខាស្តីទី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារស្ទឹងហាវ ខេត្តព្រះសីហនុ រកឃើញភេសជ្ជៈ និងនំចំរុះខូចគុណភាព សរុបប្រមាណ៦.៧២គីឡូក្រាម ។
មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទំនិញ នៅផ្សារស្ទឹងហាវនេះ មន្ត្រីជំនាញកាំកុងត្រូល បានដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹក សណ្តែកបណ្តុះ និងគល់ស្លឹកគ្រៃ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងទៀតថា នៅក្នុងឱកាសចុះពិនិត្យរកទំនិញ ខូចគុណភាពខាងលើជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញមានវត្តមានសារធាតុគីមីហាម ឃាត់នៅលើម្ហូបអាហារនោះទេ តែមន្រ្តីជំនាញបានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទសរុបប្រមាណ៦.៧២គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕