(ភ្នំពេញ)៖ ស្របពេលដែលពាក្យ «អរគុណសន្តិភាព» ត្រូវបានប្រជាពលរដ្ឋខ្មែរ យកមកផ្សព្វផ្សាយបន្ត យ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមនោះ ពាក្យមួយឃ្លានេះ ក៏ត្រូវបានយកទៅ ចងនៅតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ ព្រមទាំងតាមសាលារៀន មណ្ឌលសុខភាព ទីតាំងកងកម្លាំងប្រដាប់អាវុធ និងនៅតាមសាលារាជធានី-ខេត្តទូទាំងប្រទេសផងដែរ។
ដោយឡែក សម្រាប់នៅបរិវេណក្រសួងកិច្ចការនារីវិញ ត្រូវបានគេសង្កេតឃើញថា ពាក្យស្លោក «អរគុណសន្តិភាព» ត្រូវបានយកទៅបិទក្នុងបរិវេណក្រសួងនេះ ដែលជាសកម្មភាព បង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាទាំងអស់ ត្រូវការសន្តិភាពជាខ្លាំងបំផុត។
គួរបញ្ជាក់ថា ពាក្យស្លោក «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្ញើសារជូនដល់ប្រជាជាតិ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យតម្លៃយ៉ាងខ្លាំង ទៅលើពាក្យសន្តិភាពនេះ ដែលសម្តេចថ្លែងបានបញ្ជាក់ថា ដោយសារសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងកំសាន្តសប្បាយ នៅក្នុងពិធីបុណ្យតូចធំទាំងអស់ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់។
តាមរយៈ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រី, សម្តេចក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសរបស់យើងឲ្យបានគង់វង្ស។ សម្តេចថែមទាំងបានជូនពរ ដល់បងប្អូនជនរួមជាតិ ក្នុងឱកាសឆ្នាំថ្មី២០២០ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អគ្រប់ៗគ្នាផងដែរ។
លើសពីនេះទៅទៀត នៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រសារនយោបាយ «អរគុណសន្តិភាព»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាពនេះ មានតម្លៃមិនសាបសូន្យមិនថានាពេលកន្លង ថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ ហើយមនុស្សទាំងអស់ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព៕