(កំពង់ធំ)៖ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសឆ្នាំថ្មី២០២០ ពាក្យស្លោក «អរគុណសន្តិភាព» ត្រូវបានយកទៅបិទ និងព្យួរនៅតាមស្ថាប័នរដ្ឋ មន្ទីរ អង្គភាព និងសាលារៀន នៅទូទាំងខេត្តកំពង់ធំ។ នេះបានបញ្ជាក់ថា ប្រជាជនកម្ពុជាទាំងអស់ ត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមទេ ព្រោះបើគ្មានសន្តិភាពទេ ប្រជាពលរដ្ឋទូទាំងប្រទេសក៏គ្មានឱកាស សម្រាប់កសាង និងអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើន ហូតមកដល់សព្វថ្ងៃនេះដែរ។
ជាមួយនឹងពាក្យស្លោកអរគុណសន្តិភាព ប្រជាពលរដ្ឋបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ឆ្លើយតបទៅនឹងការអភិវឌ្ឍប្រទេសជាតិ បានឆាប់រហ័សពិសេសកំណើនសេដ្ឋកិច្ចជាតិ។
ខណៈពេលដែល ត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសយកមកផ្សព្វផ្សាយបន្ត យ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមនោះ ពាក្យមួយឃ្លានេះ ក៏ត្រូវបានយកទៅចងនៅតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ ព្រមទាំងតាមសាលារៀនរដ្ឋ ឯកជន មណ្ឌលសុខភាព ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងនៅតាមសាលារាជធានី-ខេត្តទូទាំងប្រទេសផងដែរ។ ដូច្នោះយើងទាំងអស់គ្នា សូមអរគុណសន្តិភាព និងប្តេជ្ញាថា នឹងចូលរួមថែរក្សា ការពារសន្តិភាពនេះឲ្យគង់វង្សតទៅ ។
គួរបញ្ជាក់ថា ពាក្យស្លោក «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យតម្លៃយ៉ាងខ្លាំងទៅលើពាក្យសន្តិភាពនេះ ដែលសម្តេចថ្លែងបានបញ្ជាក់ថា ដោយសារសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់ដែរ៕