(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ជាអង្គការសហជីពមួយក្នុងចំណោមអង្គការសហជីពជាច្រើន ដែលបានរួមចំណែកក្នុងបុព្វហេតុសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈនៅកម្ពុជា ហើយក៏ជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមការពារ និងលើកកម្ពស់សិទ្ធសេរីភាពក្នុងវិស័យការងារនៅកម្ពុជា។
លោករដ្ឋមន្រ្តីបានវាយតម្លៃបែបនេះ នៅក្នុងពិធីពិសាអាហារសាមគ្គីរបស់សមាជិកក្រុមប្រឹក្សាភិបាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលបានប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំសាកល ២០១៩- ២០២០ និងបង្ហាញពីការផ្សព្វផ្សាយ «អរគុណសន្តិភាព» ដែលបានធ្វើឡើងនារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅភោជនីយដ្ឋានរាត្រីពន្លឺថ្មី រាជធានីភ្នំពេញ។
លោក អ៉ិត សំហេង បានបញ្ជាក់ថា សមិទ្ធផលនានារបស់សង្គមជាតិនាពេលបច្ចុប្បន្ន គឺបានមកដោយសារប្រទេសមានសុខសន្តិភាព។ ការជួបជុំគ្នានៅពេលនេះ គឺជាសញ្ញាណមួយបង្ហាញថាកម្ពុជា បានត្រៀមរួចជាស្រេចក្នុងការទទួលយកជោគជ័យថ្មីៗទៀត ក្នុងឆ្នាំ២០២០ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៅមុខនេះទៀត។
លោកថា តាមរយៈពិធីបុណ្យឆ្លងឆ្នាំសាកលឆ្នាំនេះ ឃើញថានៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ពិតជាមានបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំង ហើយភាពសប្បាយរីករាយទាំងនេះ គឺពិតជាមិនអាច មានអ្វីមកជំនួសបាន ក្រៅពីសុខសន្តិភាពនោះឡើយ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការអភិវឌ្ឍសេដ្ឋកិច្ចទៀតសោត រហូតមកដល់ឆ្នាំនេះលើគ្រប់វិស័យនៅតែមានកំណើនមួយគួរឱ្យកត់សម្គាល់ ដែលញ៉ាំងឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរជាលំដាប់ ជាពិសេសធ្វើឱ្យប្រាក់បៀវត្សរបស់កម្មករនិយោជិតមានកំណើនជារៀងរាល់ឆ្នាំ រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងថា អ្វីៗគ្រប់យ៉ាងដែលកើតមានមកដល់សព្វថ្ងៃនេះ គឺផ្តើមចេញពីកត្តាសន្តិភាព ហើយដើម្បីឱ្យមាននិរន្តរភាព សន្តិភាពសម្រាប់កម្ពុជា គឺត្រូវតែរួមគ្នាការពារសន្តិភាពមួយនេះឱ្យគង់វង្ស ក៏ដូចជាការពារសន្តិភាពសម្រាប់ទាំងអស់គ្នារស់នៅដោយសុខសាន្តតរៀងទៅ៕