(ភ្នំពេញ)៖ នៅភោជនីយដ្ឋានទន្លេបាសាក់២ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន លោក លី សុធា អនុរដ្ឋលេខាធិការតំណាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅដើមខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៦ (២០២០-២០២១)។
ក្នុងឱកាសនោះ លោក លី សុធា បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាសហជីពជាតិ ហើយក៏បានផ្តាំផ្ញើដល់ប្រធានក្រុមប្រឹក្សាសហជីពជាតិអាណត្តិទី៦នេះ ខិតខំបំពេញការងារឲ្យបានជោគជ័យ និងសាមគ្គីភាពគ្នាបានរឹងមាំ ជាពិសេសការកសាងសមាជិកបក្ស ដែលចេញពីសមាជិកសហជីពជាតិកម្ពុជា បានច្រើនដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាព អភិវឌ្ឍន៍សង្គមប្រកបដោយចិរភាព។
លោក តុល ផាន់មឿង ប្រធានសហភាពសហជីពមរតកជាតិកម្ពុជា កាលពីពេលថ្មីៗនេះ ត្រូវបានគណៈអចិន្ត្រៃយ៍ក្រុមក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ធ្វើការបោះឆ្នោតគាំទ្រ ធ្វើជាប្រធានក្រុមប្រឹក្សាសហជីពជាតិអាណត្តិទី៦ ជំនួសលោក យ៉ឹង ឈុន ប្រធានក្រុមប្រឹក្សាសហជីពជាតិអាណត្តិទី៥ ដែលត្រូវផុតអាណត្តិ និងលោក តុល ផាន់មឿង ក៏ធ្លាប់បានដឹកនាំស្ថាប័ននេះកាលពីឆ្នាំ២០១៧កន្លងទៅ មានសមាជិកប្រមាណជាង៧០ម៉ឺននាក់៕