(តាកែវ)៖ ខណៈដែលពាក្យ «អរគុណសន្តិភាព» ត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស យកមកផ្សព្វផ្សាយបន្តយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមនោះ ពាក្យមួយឃ្លានេះ ក៏ត្រូវបានយកទៅ ចងនៅតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ ព្រមទាំងតាមសាលារៀនរដ្ឋ ឯកជន មណ្ឌលសុខភាព ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងនៅតាមសាលារាជធានី-ខេត្តទូទាំងប្រទេសផងដែរ។

សម្រាប់ខេត្តតាកែវវិញ ត្រូវបានគេសង្កេតឃើញថា ពាក្យស្លោក «អរគុណសន្តិភាព» ត្រូវបានយកទៅបិទនៅតាមស្ថាប័នរដ្ឋ រួមមានសាលាខេត្ត មន្ទីរ អង្ភភាព សាលារៀន និងការិយាល័យនានា ជុំវិញខេត្តយ៉ាងព្រោងព្រាត។ សកម្មភាពនេះបានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាទាំងអស់ ត្រូវការសន្តិភាពជាខ្លាំងបំផុត។

អភិបាលខេត្តតាកែវលោក អ៊ូច ភា បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា «បើគ្មានពាក្យសន្តិភាពទេ ប្រជាពលរដ្ឋទូទាំងក៏គ្មានឱកាស សម្រាប់កសាង និងអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើនខ្លាំងក្លា រហូតមកដល់សព្វថ្ងៃនេះដែរ។ ដូច្នោះយើងទាំងអស់គ្នាសូមអរគុណសន្តិភាព និងប្តេជ្ញាថា នឹងចូលរួមថែរក្សា ការពារសន្តិភាពនេះឲ្យគង់វង្សជានិច្ចតទៅ»។

សូមបញ្ជាក់ថា ពាក្យស្លោក «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យតម្លៃយ៉ាងខ្លាំងទៅលើពាក្យសន្តិភាពនេះ ដែលសម្តេចថ្លែងបានបញ្ជាក់ថា ដោយសារសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់ដែរ។

តាមរយៈ Facebook សម្តេចតេជោក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសរបស់យើងឲ្យបានគង់វង្ស។ សម្តេចថែមទាំងបានជូនពរ ដល់បងប្អូនជនរួមជាតិ ក្នុងឱកាសឆ្នាំថ្មី២០២០ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អគ្រប់ៗគ្នាផងដែរ។

លើសពីនេះទៅទៀត នៅលើទំព័រ Facebook កាលព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះដែរ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រសារនយោបាយ «អរគុណសន្តិភាព»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាពនេះ មានតម្លៃមិនសាបសូន្យមិនថានាពេលកន្លង ថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ ហើយមនុស្សទាំងអស់ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព៕