(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាយ៉ាងមុតមាំថា ល្បែងស៉ីសងដែលជ្រកក្រោមស្លាកហ្គេមកម្សាន្ដត្រូវបង្ក្រាបឲ្យអស់ និងស្រាវជ្រាវរកអ្នកនៅពីក្រោយបទល្មើស នៅពីក្រោយជនល្មើស ទោះជាអ្នកណាក៏ដោយ គឺត្រូវតែចាប់ខ្លួនភ្លាម។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមថា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុទាំងមូល ជាគន្លឹះ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទាក់ទាញ រក្សាកំណើនភ្ញៀវ អ្នកវិនិយោគជាតិ និងអន្តរជាតិ ចូលមកក្នុងខេត្តព្រះសីហនុនេះ ហើយក៏ជាកិច្ចឆ្លើយតបទៅនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលើកឡើងថា «អរគុណសន្តិភាព»។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ បានជំរុញឲ្យកងកម្លាំងសមត្ថកិច្ចជំនាញ ក្រោមឱវាទទាំងអស់ត្រូវធ្វើអ្វីតាម ឋានានុក្រម គោរពច្បាប់ជាគោល ពង្រឹងនិតវិធីច្បាប់ មានសីលធម៌ល្អទន់ភ្លន់តែម៉ឺងម៉ាត់ និងជាពិសេសលោក ក៏បានផ្តាំផ្ញើឲ្យកងកម្លាំងទាំងអស់ ដាច់ខាតកុំនៅពីក្រោយ ជនល្មើស ឬបទល្មើសណាមួយឲ្យសោះ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ លើកទិសដៅខែមករា ឆ្នាំ២០២០ និងសម្រួលភារកិច្ច ប្រកាសតួនាទីជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានក្រើនរំលឹក ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋានទាំងអស់ ត្រូវបើកទ្វា២៤ម៉ោង លើ២៤ម៉ោង ទទួលប្រជាពលរដ្ឋដែលមានបញ្ហាណាមួយ ត្រូវការដំណោះស្រាយជាបន្ទាន់ដើម្បីទប់ស្កាត់ ដោះស្រាយ និងបង្រ្កាបទាន់ពេលវេលា។
គួរជម្រាបថា ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសម្រួលភារកិច្ច និងប្រកាសតួនាទីជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រួមមាន៖
ទី១៖ លោកវរសេនីយ៍ឯក ភុល ភស្តា ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ជានាយរងការិយាល័យផ្សព្វផ្សាយអប់រំ។
*ទី២៖ លោកវរសេនីយ៍ទោ តី វិសាល នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអធិការក្រុងព្រះសីហនុ។
*ទី៣៖ លោកវរសេនីយ៍ទោ ហេង គីមអាន ពីនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ជាអធិការក្រុងកោះរ៉ុង។
*ទី៤៖ លោកវរសេនីយ៍ទោ ជួន សុខា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជានាយរងការិយាល័យគ្រប់គ្រង សន្តិសុខឯកជន៕