(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សមាគមសហភាពយន្តកម្ពុជា ជួយផ្សព្វផ្សាយបន្ថែមអំពីបញ្ហាគ្រឿងញៀន និងបញ្ហាចរាចរណ៍ដល់យុវជនខ្មែរ ដើម្បីឱ្យពួកគេបានយល់ដឹងកាន់តែច្បាស់ពីបញ្ហា នៃការសេពគ្រឿងញៀន និងទុក្ខសោក នៃគ្រោះថ្នាក់ចរាចរណ៍។
ការជំរុញបែបនេះរបស់លោក ស សុខា បានធ្វើឡើងនាល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២០២ នៅក្នុងឱកាសដែលលោកបានអធិបតីក្នុងពិធីសម្ពោធសមាគមសហភាពយន្តកម្ពុជា នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ។
នៅក្នុងឱកាសនោះដែរ លោក ស សុខា បាន លើកឡើងថា បញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍រាជរដ្ឋាភិបាលក៏ដូចជា អាជ្ញាធរមូលដ្ឋាន បានធ្វើការអប់រំ និងណែនាំជាច្រើន ប៉ុន្តែហាក់បីដូចជានៅតែបន្តកើតមានដដែល។ ដូច្នេះក្នុងនាមលោកជាមន្រ្តីជាន់ខ្ពស់មួយរូប ក្នុងវិស័យអប់រំ លោកសូមលើកទឹកចិត្តដល់ស្ថាបនិក និងថ្នាក់ដឹកនាំ នៃសមាគមសហភាពយន្តកម្ពុជា ទាំងអស់ជួយបណ្តុះសារបន្ថែមទៀត តាមរយៈការផលិតភាពយន្តដល់យុវជនខ្មែរយើងឱ្យចេះខ្លាចនូវការសេពគ្រឿងញៀន និងចេះគោរពច្បាប់ចរាចរណ៍ជាដើមនោះ។
លោក ស សុខា បានលើកឡើងទៀតថា ការផលិតភាពយន្តខ្មែរ ដើម្បីធ្វើការអប់រំវាជាការល្អបំផុត សម្រាប់ប្រទេសជាតិ ហើយលោករំពឹងថា សមាគមនេះនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយនូវបញ្ហាសង្គមដែលកំពុងកើតមាន ហើយមួយវិញទៀត ការផលិតភាពយន្តរបស់សមាគមសហភាពយន្តកម្ពុជា ទាក់ទងនឹងការលើកកម្ពស់ប្រពៃណីវប្បធម៌ និងប្រវត្តិសាស្រ្ត ខ្មែរនេះនឹងធ្វើឱ្យយុវជនខ្មែរជំនាន់ក្រោយ កាន់តែយល់ច្បាស់បន្ថែមទៀត ទាក់ទងនិងប្រទេសជាតិផងដែរ។
សូមរំលឹកថា នៅក្នុងកម្មវិធីសម្ពោធសមាគមសហភាពយន្តកម្ពុជានេះ ក៏មានការប្រកាសតែងតាំងលោក ស្រេង វង្សហៀង ធ្វើជាប្រធានមូលនិធិសមាគមនេះ ផងដែរ៕