(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ មានជនរងគ្រោះប្រុសស្រី ២នាក់ បានស្លាប់ និងជនរងគ្រោះ ១៧នាក់ទៀត បានរងរបួសធ្ងន់-ស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចអូរតេ ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ករណីនេះ ដោយរថយន្តម៉ាក hyundai ពណ៌ស ស្លាកលេខ 3A-0067 ដឹកសម្ភាររោងការក្រឡាប់ អមដោយអ្នករួមដំណើរចំនួន ១៩នាក់ (ស្រី៥នាក់) ក្នុងគោលទៅឆ្ពោះទៅកាន់ខេត្តក្រចេះ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីគ្រោះថ្នាក់នេះ អាចបណ្តាលមកពីអ្នកបើកបរមានការធ្វេសប្រហែស បន្ទាប់ពីមានគ្រោះថ្នាក់ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។
សម្រាប់ជនរងគ្រោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ រួមទាំងសមត្ថកិច្ចជាច្រើននាក់ បានសស្រាក់សស្រាំចាត់ចែង បញ្ជូនអ្នករបួសមកកាន់មន្ទីពេទ្យ ដើម្បីធ្វើការសង្រ្គោះ។
ដោយឡែកសពក្នុងហេតុការណ៍នេះ កំពុងផ្តល់ដំណឹងឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅឯគេហដ្ឋាន៕