(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលជំនាញខេត្តស្វាយរៀង បានសហការជាមួយសមត្ថកិច្ចវៀតណាម បានបង្ក្រាបករណីរក្សាទុកគ្រឿងញៀន ដោយឃាត់ខ្លួនជនជាតិចិន និងវៀតណាម ប្រុសស្រី ២នាក់ រួមនឹងថ្នាំញៀនមួយចំនួនធំ នៅក្រុងបាវិត ខណៈជនសង្ស័យទាំងពីរនាក់ កំពុងធ្វើសកម្មភាពនាំគ្រឿងញៀនឆ្លងដែន ទៅកាន់ប្រទេសវៀតណាម។
លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង ឱ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ថា នៅវេលាម៉ោង១០៖៣០នាទីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ បានទទួលព័ត៌មានពីភាគីវៀតណាម ករណីជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចស្លាបខាងឆ្វេងចន្លោះបង្គោល សីម៉ា១៧០-១៧១ ព្រំដែនវៀតណាម ភូមិឡុងភី ឃុំឡុហឹង ស្រុកបេនកូវ ខេត្តតៃនិញ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ Nguyen thingoc bich ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម។
ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបាននាំយកថ្នាំញៀនពីឈ្មោះ Wendusu ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិនមុខរបរបុគ្គលិកអនឡាញ កាស៊ីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកវរសេនីយ៍ឯក បានបន្តថា ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ Wendusu នៅបន្ទប់ជួលទីតាំងខាងលើ ព្រមទាំងបានឆែកឆេរបន្ទប់ជួលស្នាក់ នៅរបស់ជនសង្ស័យដោយរកឃើញវត្ថុតាងរួមមាន៖
*ទី១៖ ថង់ម្សៅក្រាមពណ៌ថ្លាសង្ស័យជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៧.៩១ក្រាម
*ទី២៖ ថង់ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់ ៨៣៤.២៦ក្រាម
*ទី៣៖ ថង់ម្សៅក្រាមពណ៌ផ្កាឈូកសង្ស័យជាថ្នាំញៀនប្រភេទ MDMA (អិចស្តាស៊ី) ទម្ងន់១៣១.៦៤ក្រាម
*ទី៤៖ ថង់ម្សៅ ថ្នាំគ្រាប់ពណ៌ផ្កាឈូក សង្ស័យជាថ្នាំញៀន មេតំហ្វេតាមីនចំនួន ៤០០គ្រាប់ ទម្ងន់ ១០២.៤២ក្រាម
*ទី៥៖ ថង់ម្សៅ ក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ទម្ងន់ ៦.១៣ក្រាម
*ទី៦៖ ទឹកអាកុលចំនួន៣ដប
*ទី៧៖ សារធាតុគីមីផ្សុំ (ទឹកថ្នាំដប) ចំនួន០៧ (ធំ១) រួមនឹងសម្ភារប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន ផងដែរ។
លោកវរសេនីយ៍ ឯក កែវ សុថា បានបញ្ជាក់ថា ថ្នាំញៀនទាំងនេះ ត្រូវបានជនសង្ស័យនាំមកពីភ្នំពេញ ដើម្បីឆ្លងដែនទៅប្រទេសវៀតណាម ហើយត្រូវកម្លាំងជំនាញបង្ក្រាបបានតែម្តង។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីបំពេញសំណុំរឿងចាត់ការបន្តតាមច្បាប់៕