(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើងថា មានមនុស្សពីរក្រុម ដែលមិនសប្បាយចិត្តចំពោះវត្តមានរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ មនុស្សពីរក្រុមនោះ គឺក្រុមមនុស្សទុច្ចរិត និងក្រុមមនុស្សដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ បានលើកឡើងថា យោងតាមការសិក្សារបស់ខ្លួនបានបង្ហាញថា មហាជនខ្មែរទូទៅ គ្រប់និន្នាការ និងគ្រប់ស្រទាប់សង្គម គាំទ្រចំពោះយន្តការក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបាននិងកំពុងបំពេញការងាររបស់ខ្លួនប្រកបដោយសុច្ចរិតទៀងត្រង់ បម្រើប្រជាពលរដ្ឋដោយគ្មានការរើសអើង។
ការសិក្សារបស់ខ្លួនបានរកឃើញទៀតថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រៀបដូចជាស្ពាន ភ្ជាប់ទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋខ្មែរទូទៅ។ តាមរយៈឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ បានធ្វើឱ្យប្រជាពលរដ្ឋផ្តល់អំណាចនៃការដឹង ជាប្រចាំ ជូនសម្តេចតេជោ អំពីតម្រុយ/ភស្តុតាងនៃភាពអសកម្ម, ភាពមិនប្រក្រតី, អំពើរំលោភ, អំណាច និងអំពើពុករលួយ។ល។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើងថា ទោះបីមានស្រទាប់មហាជនគាំទ្រចំពោះសកម្មភាពរបស់ខ្លួនយ៉ាងណាក្តី តែក្រុមមនុស្សដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងក្រុមជនទុច្ចរិតមិនសប្បាយចិត្តនឹងវត្តមានរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះឡើយ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានមើលឃើញថា ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ដែលនៅសេសសល់ និងកំពុងដេកសង្ឃឹមថា អតីតគណបក្សសង្គ្រោះជាតិអាចនឹងរស់ឡើងវិញ ដោយសម្ពាធបរទេស ក្រោមលេសនៃពាក្យប្រជាធិបតេយ្យនោះ មើលមកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាសត្រូវ ឬជាគូប្រជែង ជាមួយការរស់ឡើងវិញរបស់អតីតគណបក្សសង្គ្រោះជាតិ។
ដោយឡែកក្រុមបុគ្គលទុច្ចរិតវិញ គឺព្រួយបារម្ភ ខ្លាចឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់វែកមុខ និងរារាំងអំពើទុច្ចរិតរបស់ពួកគេ ជូនសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពជាបន្តបន្ទាប់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានាមុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច, កោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះ ព្រមទាំងបានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាជម្លោះដីធ្លី នៅតាមបណ្តាខេត្តផងដែរ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងថា ក្នុងរយៈពេល១៦ខែនៃបេសកកម្មរបស់ខ្លួន បានចុះបំពេញបេសកកម្មនៅទូទាំង២៥រាជធានី-ខេត្តជាង ៤០០លើក និងបានធ្វើរបាយការណ៍អមដោយភស្តុតាងលើបញ្ហានានាដែលខ្លួនប្រមូលបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ជិត ២០០ករណី។ ក្នុងរបាយការណ៍ជិត២០០នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទទួលបានការឆ្លើយតបត្រឡប់មកវិញរបស់សម្តេចតេជោចំនួន៣២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលអញ្ជើញបិទសន្និបាតរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃនេះ បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះសកម្មភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ សម្តេចតេជោ បានលើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ បានធ្វើការប្រសើរជាងសមាជិកសភាបក្សប្រឆាំងនាអាណត្តិកន្លងទៅទៅទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់សង្គម ព្រមទាំងរកការពិតលើរឿងរ៉ាវមិនប្រក្រតីក្នុងសង្គម។ សម្តេចតេជោ បានធ្វើការកត់សម្គាល់ថា រឿងរ៉ាវខ្លះបើគ្មានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទេនោះ របាយការណ៍នឹងមិនធ្លាក់ដល់ដៃសម្តេចនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំងអស់ បន្តប្រឹងប្រែងធ្វើសកម្មភាព ដើម្បីចូលរួមកែលំអរសង្គម លុបបំបាត់ទង្វើទុច្ចរិត និងភាពអសកម្មទាំងឡាយ៕