(ភ្នំពេញ)៖ នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួននេះបានថមថយជិត១៥ភាគរយបើធៀបនឹងឆ្នាំ២០១៨។ តាមរយៈការលក់បណ្ណជូនភ្ញៀវអន្តរជាតិជាង២លាននាក់នេះ រាជរដ្ឋាភិបាលទទួលបានចំណូល សរុប៩៩,០៨៨,៨៩៤ដុល្លារអាមេរិក។

នៅថ្ងៃនេះ បណ្តាញព័ត៌មាន Fresh News សូមដកស្រង់ចំនួនភ្ញៀវទេសចរប្រទេសទាំង១០ ដែលមកកម្សាន្តនៅរមណីយដ្ឋានអង្គរច្រើនជាងគេបំផុតសម្រាប់ ឆ្នាំ២០១៩ ដូចខាងក្រោម៖

១៖ ប្រទេសចិន មានចំនួនជាង៨៧ម៉ឺននាក់ ស្មើនឹងជិត៤០ភាគរយ នៃភ្ញៀវទេសចរទាំងអស់។

២៖ សហរដ្ឋអាមេរិក មានចំនួនជាង១៦ម៉ឺននាក់ ស្មើនឹងជាង៧ភាគរយនៃភ្ញៀវទេសចរទាំងអស់។

៣៖ ប្រទេសកូរ៉េខាងត្បូង មានចំនួនជាង១៣ម៉ឺននាក់ ស្មើនឹងជាង៦ភាគរយនៃភ្ញៀវទេសចរទាំងអស់។

៤៖ ចក្រភពអង់គ្លេស មានចំនួនជាង១២ម៉ឺននាក់ ស្មើនឹងជាង៥ភាគរយនៃភ្ញៀវទេសចរទាំងអស់។

៥៖ ប្រទេសជប៉ុន មានចំនួនជាង១២ម៉ឺននាក់ ស្មើនឹងជាង៥ភាគរយនៃភ្ញៀវទេសចរទាំងអស់។

៦៖ ប្រទេសបារាំង មានចំនួនជិត១០ម៉ឺននាក់ ស្មើនឹងជាង៤ភាគរយនៃភ្ញៀវទេសចរទាំងអស់។

៧៖ ប្រទេសវៀតណាម មានចំនួនជាង៦.៦ម៉ឺននាក់ ស្មើនឹង៣ភាគរយនៃភ្ញៀវទេសចរទាំងអស់។

៨៖ ប្រទេសអាល្លឺម៉ង់ មានចំនួនជាង៦.៥ម៉ឺននាក់ ស្មើនឹងជិត៣ភាគរយ នៃចំនួនភ្ញៀវទេសចរទាំងអស់។

៩៖ ប្រទេសអូស្ត្រាលី មានចំនួនជិត៥.៥ម៉ឺននាក់ ស្មើនឹងជាង២ភាគរយនៃចំនួនភ្ញៀវទេសចរទាំងអស់។

១០៖ ប្រទេសថៃ មានចំនួនជាង៥ម៉ឺននាក់ ស្មើនឹងជាង២ភាគរយនៃចំនួនភ្ញៀវទេសចរទាំងអស់។

សូមជម្រាបថា បើតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ នៅរយៈពេល១០ខែ ឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា មានចំនួនប្រមាណ ៥,២៩៦,០៨៨នាក់ កើនឡើង៩.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ ក្នុងនោះភ្ញៀវទេសចរជនជាតិចិន ឈរនៅលេខរៀងទី១ (ស្មើនឹង២,០២៦,៥០២នាក់ កើនឡើងប្រមាណ២៤.៤% និងស្មើនឹង៣៨.៣% នៃចំណែកទីផ្សារសរុប)៕