(ភ្នំពេញ)៖ សមាគមសភាពាណិជ្ជកម្ពុជា-ចិន បានប៉ាន់ប្រមាណថា ក្រោយពេលបិទល្បែងអនឡាញ ធ្វើឱ្យមនុស្សនៅក្នុងខេត្តព្រះសីហនុជាង ៨,០០០នាក់ ត្រូវបានបាត់បង់ការងារ។ សមាគមសភាពាណិជ្ជកម្ពុជា-ចិន បានបើកកិច្ចប្រជុំបន្ទាន់មួយថ្នាក់ដឹកនាំក្រុមហ៊ុន និងសហគ្រាសនានានៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ។
កិច្ចប្រជុំបានធ្វើឡើងនៅក្នុងសប្តា៍នេះ ដោយមានថ្នាក់ដឹកនាំរបស់រោងចក្រ និងក្រុមហ៊ុនចិនជាង ៤០នាក់បានចូលរួម។ អគ្គលេខាធិការនៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ លោក JIANG KEXING បានថ្លែងងថា ក្រុមហ៊ុនមកពីប្រទេសចិន ដែលកំពុងបង្កើតរោងចក្រ និងរកស៊ីនៅប្រទេសកម្ពុជា ត្រូវបំពេញកាតព្វកិច្ចសង្គមដោយសកម្ម និងជួយដល់ប្រជាពលរដ្ឋក្នុងតំបន់។
លោក JIANG KEXING សង្ឃឹមថា សហគ្រាសទាំងអស់ ត្រូវជ្រើសរើសកម្មករដែលបាត់បង់ការងារពីកន្លែងកាស៊ីណូ។ លោកបន្តថា ការជួយឱ្យកម្មករបាត់បង់ការងារនោះ មិនគ្រាន់តែអាចបំពេញតម្រូវការធនធានមនុស្សរបស់ក្រុមហ៊ុនផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកក្នុងការរក្សាស្ថេរភាពសង្គម និងសុភមង្គលរបស់ប្រជាជននៅក្រុងព្រះសីហនុ និងបង្កើតនូវគំរូល្អរបស់វិនិយោគិនចិនថែមទៀតផង។
លោកអគ្គលេខាធិការសមាគម បានទាមទារឱ្យរោងចក្រចិនគ្រប់ៗគ្នា បំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួន ដោយប្រើប្រាស់កម្មករដែលលាឈប់ពីរោងចក្រនៅពេលមុនឡើងវិញ និងទទួលយកបុគ្គលិកថ្មីដែលចង់ធ្វើការនៅរោងចក្រក្នុងតំបន់ ដើម្បីកែលម្អជីវភាពរស់នៅប្រជាពលរដ្ឋក្នុងតំបន់ និងធានាភាពសុខដុមរមនាក្នុងសង្គមតាមរយៈការផ្ដល់ឱកាសការងារជាក់ស្តែង។
ម្ចាស់ក្រុមហ៊ុន និងសហគ្រាសដែលចូលរួមក្នុងកិច្ចប្រជុំទាំងនេះ បានទទួលយកនូវសំណើរបស់សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន និងប្រកាសស្វាគមន៍និយោជិតកម្ពុជាទាំងអស់ ដែលចង់ធ្វើការនៅក្នុងរោងចក្រផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យបិទល្បែងភ្នាល់តាមប្រព័ន្ធអ៉ីនធឺណិតជាង ៣ខែមកនេះ នៅក្រុងព្រះសីហនុ កាស៊ីណូជាច្រើនត្រូវបានបិទ ជនជាតិចិនដែលធ្វើការនៅន្លែងកាស៊ីណូខុសច្បាប់ត្រូវបានចាកចេញទាំងក្រុមៗ ត្រលប់ទៅប្រទេសចិនវិញ ធ្វើឱ្យបុគ្គលិកកម្ពុជាមួយចំនួនធំបានបាត់បង់ការងារធ្វើ។ សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ បានប្រមូលផ្តុំសហគ្រាសចិន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជួបគ្នា ដើម្បីដោះស្រាយបញ្ហាអត់ការងារធ្វើរបស់បុគ្គលិក និងកម្មករក្នុងខេត្តព្រះសីហនុ ឱ្យទាន់ពេលវេលា។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានចម្ងាយ ១៧គីឡូម៉ែត្រពីក្រុងព្រះសីហនុ ជាទីតាំងមួយដែលដើរតួសំខាន់បំផុតក្នុងការដោះស្រាយបញ្ហាអត់ការងារធ្វើរបស់បុគ្គលិក និងកម្មករក្នុងខេត្តព្រះសីហនុនាពេលនេះ។ មកដល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុនចំនួន១៧៤ ដែលមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសដទៃទៀត កំពុងដំណើរការរោងចក្រ សហគ្រាស ហើយបានស្រូបយកកម្លាំងពលកម្មជិត ៣០,០០០នាក់។
តាមការរំពឹងទុកក្រោយពេលបញ្ចប់ការសាងសង់រោងចក្រ សហគ្រាស តាមផែនការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនោះ នឹងមានរោងចក្រ សហគ្រាសចំនួន៣០០ដំណើរការ ហើយអាចផ្តល់ការងារដល់កម្មករពី ៨ម៉ឺននាក់ ដល់ ១០ម៉ឺននាក់។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងឧស្សាហកម្មអន្តរជាតិថ្មីមួយ ដែលមានប្រជាជនកម្ពុជារាប់ពាន់គ្រួសាររស់នៅ និងធ្វើការនៅទីនេះ៕