(ភ្នំពេញ)៖ ស្របពេលដែលពាក្យ «អរគុណសន្តិភាព» ត្រូវបានប្រជាពលរដ្ឋខ្មែរយកមកផ្សព្វផ្សាយបន្ត យ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមនោះ ពាក្យមួយឃ្លានេះ ក៏ត្រូវបានយកទៅ ចងនៅតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ ព្រមទាំងតាមសាលារៀន មណ្ឌលសុខភាព ទីតាំងកងកម្លាំងប្រដាប់អាវុធ និងនៅតាមសាលារាជធានី-ខេត្តទូទាំងប្រទេសផងដែរ។
ដោយឡែកសម្រាប់នៅទីស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទវិញ ត្រូវបានគេសង្កេតឃើញថា ពាក្យស្លោក «អរគុណសន្តិភាព» ត្រូវបានយកទៅបិទក្នុងបរិវេណធនាគារនេះ ដែលជាសកម្មភាព បង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាទាំងអស់ ត្រូវការសន្តិភាពជាខ្លាំងបំផុត។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានលើកឡើងថា «បើគ្មានពាក្យសន្តិភាពនេះទេ នោះយើងក៏គ្មានឱកាស សម្រាប់កសាង និងអភិវឌ្ឍន៍សង្គមជាតិរហូតមកដល់សព្វថ្ងៃនេះដែរ។ យើងសូមអរគុណសន្តិភាព និងប្តេជ្ញាថា នឹងចូលរួមថែរក្សា ការពារពាក្យសន្តិភាពនេះឲ្យខាងតែបាន»។
គួរបញ្ជាក់ថា ពាក្យស្លោក «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្ញើសារជូនដល់ប្រជាជាតិ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យតម្លៃយ៉ាងខ្លាំងទៅលើពាក្យសន្តិភាពនេះ ដែលសម្តេចថ្លែងបានបញ្ជាក់ថា ដោយសារសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់។
តាមរយៈ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រី, សម្តេចក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសរបស់យើងឲ្យបានគង់វង្ស។ សម្តេចថែមទាំងបានជូនពរ ដល់បងប្អូនជនរួមជាតិ ក្នុងឱកាសឆ្នាំថ្មី២០២០ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អគ្រប់ៗគ្នាផងដែរ។
លើសពីនេះទៅទៀត នៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះដែរ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រសារនយោបាយ «អរគុណសន្តិភាព»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាពនេះ មានតម្លៃមិនសាបសូន្យមិនថានាពេលកន្លង ថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ ហើយមនុស្សទាំងអស់ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព៕