(កំពង់ចាម)៖ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន និងក្រុមការងារយុវជនថ្នាក់ស្រុក បានសហការជាមួយប្រធានក្រុមការងារ យុវជនប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី បានដឹកនាំសប្បុរសជនខ្មែរ ដែលរស់ប្រទេសអូស្រ្តាលី កូរ៉េ និងសហរដ្ឋអាមេរិក នាំយកអំណោយចុះចែកជូនប្រជាពលរដ្ឋ ចាស់ជរា និងជនពិការ មានជីវភាពខ្វះខាត ដែលរស់នៅក្នុងមូលដ្ឋានឃុំតាំងក្រសាំង ស្រុកបាធាយចំនួន១០០គ្រួសារ ។
សប្បុរសជនខ្មែរ ដែលរស់ប្រទេសអូស្រ្តាលី កូរ៉េ និងសហរដ្ឋអាមេរិក រួមមាន៖ ក្រុមហ៊ុន បូឡាឌី ទីតាំងនៅប្រទេសកម្ពុជា និងប្រទេសកូរ៉េ, ក្រុមហ៊ុន ម៉ូនីកា Cosmetic ទីតាំងនៅប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី, ក្រុមហ៊ុន ណាវី Cosmetic ទីតាំងនៅសហរដ្ឋអាមេរិក ដោយបាននាំយកនូវអំណោយជាឱសថ សាប៊ូ និងគ្រឿងឧបភោគ គ្រឿងបរិភោគ ព្រមទាំងថវិកាចុះចែកជូនប្រជាពលរដ្ឋ ចាស់ជរា និងជនពិការ ដែលមានជីវភាពខ្វះខាតផងដែរ។
ពិធីចុះចែកអំណោយនេះដែរ បានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ នៅបរិវេណវត្តតាំងក្រសាំងភូមិត្រាវភ្នី ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានដឹកនាំដោយលោក ផុន ប៊ុនថែល ប្រធានក្រុមការងារយុវជនប្រចាំទីក្រុងមែលប៊ន និងលោក អុន លាងអាន ក្នុងតំណាងក្រុមការងារយុវជនស្រុកស្រុកបាធាយ និងដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនគ្រួសារ។
លើកឡើងក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ផុន ប៊ុនថែល និងលោក អុន លាងអាន បានពាំនាំនូវការផ្តាំផ្ញើនូវសេចក្តីនឹករលឹកពីលោក ឈឹម សារ៉េត និងលោក ឡាវ វ៉ាន់ ដែលជាជនបង្គោលយុវជន ប្រចាំស្រុកបាធាយ និងលោក ផេន សុផល ប្រធានគណបក្សស្រុក ដែលជានិច្ចកាលតែងតែគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ហើយជាពិសេសជាងនេះទៅទៀត គណអធិបតីបានលើកឡើងពីការយកចិត្តទុក្ខដា ក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដឹកនាំបាននាំសុខសន្តិភាពពេញបរិបូរណ៍ ជូនប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខដុមរមនា និងមានការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ និងតទៅអនាគតផងដែរ៕