(ភ្នំពេញ)៖ ក្រុមអតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) បានធ្វើសន្និសីទសារព័ត៌មានមួយ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ ដោយប្រកាស សម្រេចបង្កើតគណបក្សថ្មីមួយឈ្មោះថា «គណបក្សខ្មែរស្រឡាញ់ជាតិ» ហើយអំពាវនាវដល់អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិទាំងអស់ ចូលរួមសកម្មភាពនយោបាយជាមួយខ្លួន ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបន្តគោលដៅរបស់អតីតគណបក្សសង្រ្គោះជាតិ។
សន្និសីទសារព័ត៌មានស្តីពីការបង្កើតគណបក្សថ្មីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ នៅសណ្ឋាគារសាន់វេ ដោយមានការចូលរួមពីបុគ្គលសំខាន់ៗ ដែលជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ រួមមាន៖លោក ជីវ កត្តា, លោក ស៊ឹម សុវណ្ណនី, លោក ខឺយ ស៊ីនឿន, លោក កង គឹមហាក់, លោក អាន ភារ៉ា, លោក សៀវ សិដ្ឋ, និងលោក សុខ វិបុល។
លោក ជីវ កត្តា អតីតសមាជិកគណៈកម្មាធិការនាយកនៃអតីត CNRP បានថ្លែងថា មូលហេតុដែលក្រុមអតីតថ្នាក់ដឹកនាំនៃអតីត CNRP សម្រេចរួមគ្នាបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិនេះឡើង ដោយសារមើលឃើញថា ក្រុមអ្នកស្នេហាប្រជាធិបតេយ្យបានបែកបាក់គ្នាយ៉ាងខ្លាំង ហើយគណបក្សនេះ គឺជាគណបក្សដែលប្រកាន់គោលការណ៍អហិង្សា និងធ្វើនយោបាយតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងបន្តគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ។
បើតាមលោក ជីវ កត្តា សមាជិករបស់គណបក្សខ្មែរស្រឡាញ់ជាតិ មានធនធានមនុស្សភាគច្រើន គឺជាសកម្មជនដែលធ្លាប់គាំទ្រអីតតគណបក្សសង្គ្រោះជាតិ។ លោកថែមទាំងបានអំពាវនាវដល់អ្នកធ្លាប់គាំទ្រអតីតគណបក្សសង្រ្គោះជាតិទាំងអស់ មកចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្សរបស់ខ្លួន ដើម្បីរួបរួមអ្នកស្នេហាប្រជាធិបតេយ្យឡើងវិញ។
លោក ជីវ កត្តា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះសេចក្តីថ្លែងការណ៍របស់យើង បានបញ្ជាក់ជាច្រើនរួចហើយលើការបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិនេះ គឺមានធនធានមនុស្សចូលរួម ជាពិសេសអតីតគណបក្សសង្គ្រោះជាតិជាច្រើន ហើយមានគណបក្សផ្សេងៗទៀតខ្លះ [...]។ បញ្ហាការបង្កើតនេះ ដោយសារយើងអស់សង្ឃឹម ខ្ញុំបានបញ្ជាក់ហើយនូវចំណុចនេះ ដែលខ្ញុំបានបង្ហាញថា ដោយសារសម្លេងនយោបាយប្រឆាំងនឹងគណបក្សកាន់អំណាចមានការបែកបាក់យ៉ាងខ្លាំង រវាងអ្នកប្រកាន់ប្រជាធិបតេយ្យ ជាហេតុធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់យើងទាំងអស់គ្នា។ ក្នុងហ្វេសប៊ុកសព្វថ្ងៃ មានការជេរប្រមាថ មានការគុំគួន នេះជាការព្រួយបារម្ភរបស់យើងខ្ញុំទាំងអស់គ្នា»។
លោកបន្តថា «យើងខ្ញុំជាគណបក្សថ្មី ដែលជាគណបក្សខ្មែរស្រឡាញ់ជាតិនេះ សូមអំពាវនាវចំពោះអ្នកស្នេហាជាតិ អ្នកស្រឡាញ់ប្រជាធិបតេយ្យ ចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ ដើម្បីបុព្វហេតុជាតិ មាតុភូមិយើងទាំងអស់គ្នា។ ជាខ្មែរត្រូវតែស្រឡាញ់ជាតិទាំងអស់គ្នា»៕