(កំពង់ឆ្នាំង)៖ កសិករដាំចំការស្ពៃជាង ៥០គ្រួសារ នៅក្នុងភូមិកោះក្របី និងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងជាង ៥០គ្រួសារ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២០នេះ បានធូរស្រាលក្នុងចិត្ត ព្រោះតែតម្លៃស្ពៃនៅលើទីផ្សារ កាលពីខែមុន បានធ្លាក់ចុះនៅ ១គីឡូ តែ៤០០រៀល តែមកដល់ពេលនេះ បានឡើងតម្លៃបាន ១គីឡូក្រាម ថ្លៃ ១២០០រៀលហើយ ដែលអាចទប់ទល់ និងបានចំណេញតិចតួចដែរ។
បុរសម្នាក់ជាកសិករដាំបន្លែ កំពុងបាញ់ទឹកស្រោចដំណាំ នៅក្នុងភូមិកោះក្របី បានឲ្យដឹងថា ដំណាំស្ពៃក្រញ៉ាញ់នេះ ស្រួលដាំស្រួលថែទាំ និងឆាប់ឲ្យផលជាងដំណាំផ្សេងទៀត គឺដំាដុះតែពី ២០ថ្ងៃទៅ ២៥ថ្ងៃ វានឹងអាចកាត់លក់បានហើយ។ ប៉ុន្តែរឿងដែលធ្វើឲ្យកសិករខូចចិត្តនោះ កាលពីដើមខែធ្នូ កន្លងមក គឺការលក់ស្ពៃបោះឲ្យម៉ូយនៅលើទីផ្សារ គឺក្នុង ១គីឡូ បានតែ ៤០០រៀលប៉ុ
ណ្ណោះ ធ្វើឲ្យពួកគាត់យំមិនចេញទេ។ តែបើតម្លៃស្ពៃធ្លាក់ចុះបែបនេះរហូតនោះ កសិករក្នុងភូមិពិតជាជំពាក់គេ ដោះមិនរួចឡើយ ព្រោះភាគច្រើនគឺសុទ្ធតែខ្ចីលុយគេមកដាំ ប៉ុន្តែប្រមាណជាង ១០ថ្ងៃនេះ ស្ពៃនៅទីផ្សារបានឡើងថ្លៃវិញហើយ គឺលក់បោះម៉ូយបាន ១គីឡូ ពី១០០០រៀល ទៅ១២០០រៀល តាមដើមតូចឬដើមធំៗល្អ។
ដោយឡែក ស្រ្តីជាកសិករដាំស្ពៃម្នាក់ទៀត បាននិយាយថា អ្នកដាំស្ពៃនៅក្នុងភូមិកោះក្របី មានជាង ២០គ្រួសារ និងនៅក្នុងភូមិផ្សារឆ្នាំងជាប់ភូមិកោះក្របី មានប្រមាណ ៣០គ្រួសារ ដែលប្រកបមុខរបរដាំស្ពៃលក់ដូចពួកគាត់។ ជាធម្មតា នៅទីនេះក្នុងរដូវរំហើយ គឺអាចដាំដុះបាន៣សារ គឺនៅក្នុងខែវិច្ឆិកា ខែធ្នូ និងខែមករា ដែលមានធាតុអាកាសល្អមិនសូវក្តៅ ទើបដំណាំស្ពៃលូតលាស់ល្អ។ ចំណែកការដាំដុះស្ពៃនេះ ក្នុង១គ្រួសារៗ អាចចំណាយដើមទន់ពី ៣លាន ទៅ ៤លានរៀល នឹងបើតម្លៃស្ពៃថ្លៃ ១៥០០រៀល ក្នុង១គីឡូ ទើបអាចចំណេញសល់ប្រាក់ខ្លះៗ ផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែបើតម្លៃស្ពៃត្រឹម ១២០០រៀល ក្នុង១គីឡូដូចពេលនេះ គឺមិនចំណេញទេគ្រាប់តែបានទប់ទល់មិនខាតច្រើនតែប៉ុណ្ណោះ។
ចំណែកស្រីម្នាក់ទៀតជាអ្នកមកទិញស្ពៃក្នុងភូមិកោះក្របី យកទៅលក់នៅភ្នំពេញ បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ គាត់ទិញស្ពៃចូលតម្លៃ ១២០០រៀលក្នុង១គីឡូ ពេលយកទៅលក់បោះដុំ នៅទីផ្សារក្នុងក្រុងភ្នំពេញ គឺ១គីឡូ បានតែ ១៤០០ ទៅ១៥០០រៀល ផាត់ថ្លៃឡានទៅគឺក្នុង១គីឡូ ចំណេញបានតែ ១០០ទៅ ២០០រៀលតែប៉ុណ្ណោះ៕