(ភ្នំពេញ)៖ ពាក្យ «អរគុណសន្តិភាព!» គឺជាពាក្យមួយឃ្លា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីផ្ញើសារជូនដល់ប្រជាជាតិ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យតម្លៃយ៉ាងខ្លាំងទៅលើពាក្យសន្តិភាពនេះ ដែលសម្តេចថ្លែងបានបញ្ជាក់ថា ដោយសារសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់។ បើគ្មានសន្តិភាពគ្មានអ្វីៗទាំងអស់។
គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ ពាក្យ «អរគុណសន្តិភាព» ត្រូវបានគេសង្កេតឃើញថា ត្រូវបានមន្រ្តីរបស់យើងយកទៅបិទព្រោងព្រាតតាមរបងក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋ នៅតាមរាជធានី-ខេត្ត នៅទូទាំងប្រទេសតែម្តង។
យោងតាមរូបថត និងសេចក្តីរាយការណ៍ជាបន្តបន្ទាប់ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ ពាក្យ «អរគុណសន្តិភាព» ត្រូវបានក្រុមមន្រ្តីយកទៅបិទ តាមរបងក្រសួង សាលាខេត្ត មន្ទីរនានាចំណុះឲ្យសាលាខេត្ត និងនៅតាមអធិការដ្ឋាននគរបាលជាដើម។
សូមបញ្ជាក់ថា តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសរបស់យើងឲ្យបានគង់វង្ស៕