(កំពត)៖ ក្នុងនាមរដ្ឋបាលខេត្តកំពតលោក ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រោះថា ម្លប់នៃសុខសន្តិភាពជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា និងធ្វើឲ្យកំណើនសេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋ មានបានកាន់តែ ប្រសើរឡើង។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណសន្តិភាព ទើបធ្វើឲ្យភ្ញៀវ និងប្រជាពលរដ្ឋប្រមាណ ៩០ម៉ឺននាក់ បានអញ្ជើញចូលរួមពិធីបុណ្យសមុទ្រកាលពីចុង ឆ្នាំ២០១៩កន្លងទៅនេះ។
ការថ្លែងបែបនេះ របស់លោកអភិបាលខេត្តកំពត ធ្វើឡើងក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តដោយមានការ ចូលរួមពីលោក-លោកស្រី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូប។
លោកអភិបាលខេត្ត បានបន្តទៀតថា «យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមនិងប្រជាពលរដ្ឋ ត្រូវតែរួមសាមគ្គីគ្នាថែរក្សាឲ្យបានដាច់ខាតតម្លៃសុខសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែងតរៀងទៅ»។
ជាមួយគ្នានេះ អភិបាលខេត្ត ជាវ តាយ បានវាយម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពត សម្រេចបាននារយៈពេលពេញមួយឆ្នាំ២០១៩ ដែលទើបតែឆ្លងផុតទៅថ្មីៗនេះ។ លោកអភិបាលខេត្ត បានធ្វើការកត់សំគាល់លើកឡើង ក្នុងនោះក្រៅពីការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការងារបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានជីវភាពកាន់តែរីកចម្រើនល្អប្រសើរ។
លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរ អំពីការងារថែរក្សាការពារ បាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម ការការពារបានល្អ ក្នុងព្រឹត្តិការណ៍ នៃពិធីបុណ្យទេសចរកម្សាន្តធំៗ រួមនឹងព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី៨ជុំ ទី២ ដែលខេត្តកំពត ធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណ ៩០ម៉ឺននាក់។
ទន្ទឹមនេះលោកអភិបាលខេត្ត ក៏បានលើកសរសើរផងដែរនូវការងារ ការពារសន្តិសុខនិងបដិសណ្ឋារកិច្ច ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញ ចូលរួមក្នុងកម្មវិធីសំខាន់ៗ ក្នុងខេត្តកំពត ឆ្នាំ២០១៩នេះមានចំនួន ៥លើក ក្នុងនោះ មានការចូលរួមសំណេះសំណាលជាមួយកម្មករនិយោជិត ការចូលរួមសម្ភោធសមិទ្ធផលធំៗក្នុងខេត្ត និងការចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ជុំ ទី២ក្នុងខេត្តកំពត ដោយទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយរលូន និងទទួលបានលទ្ធផលជោគជ័យ៕