(ភ្នំពេញ)៖ នយោបាយការទូតរបស់កម្ពុជានាឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា មានភាពស្វាហាប់ និងរស់រវើកស្របតាមបាវចនារបស់រាជរដ្ឋាភិបាលដែលបានកំណត់ថា «កំណែទម្រង់ខាងក្នុង ពង្រីកមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ»។ តាមរយៈភាពរស់រវើកនៃនយោបាយការទូតនេះ បានធ្វើឱ្យកម្ពុជាមានទំនាក់ទំនងកាន់តែល្អប្រសើរជាមួយបណ្តាប្រទេសជាមិត្តឈានទៅពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដើម្បីទាញនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។

ឈរលើទំនាក់ទំនងល្អប្រសើរនេះហើយ នៅឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានអញ្ជើញពីសំណាក់មេដឹកនាំប្រទេសជាមិត្ត និងអង្គការអន្តរជាតិ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនានាសរុបចំនួន១២លើក។ ក្រៅពីការចេញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនានានៅតាមប្រទេសជាមិត្តរបស់សម្តេចតេជោ ហ៊ុន សែន ហើយនោះ មេដឹកនាំប្រទេសជាមិត្ត ដែលជាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន៨រូប ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ នាឆ្នាំ២០១៩កន្លងទៅនេះ។

តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រទេសជាមិត្តទាំង៨នេះ បានរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបណ្តាប្រទេសជាមិត្តទាំងនោះកាន់តែល្អប្រសើរថែមទៀត។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារួមមាន៖

១៖ ប្រមុខរដ្ឋវៀតណាម លោក ង្វៀង ហ្វូ៊ជុង (Nguyen Phu Trong)

លោក ង្វៀង ហ្វូ៊ជុង ប្រមុខរដ្ឋរបស់វៀតណាម គឺជាភ្ញៀវដំបូងគេរបស់កម្ពុជានៅក្នុងឆ្នាំ២០១៩។ បន្ទាប់ពីបានឡើងកាន់តំណែងជាប្រមុខរដ្ឋរបស់វៀតណាម លោក ង្វៀង ហ្វូ៊ជុង បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ដំណើរទស្សនកិច្ចរបស់លោក ង្វៀង ហ្វូ៊ជុង នៅកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋវៀតណាម បានចូលបង្គំគាល់ និងសវនាការ ជាមួយព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។

លោក ង្វៀង ហ្វូ៊ជុង ក៏បានចូលថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ ប្រមុខរដ្ឋវៀតណាម ក៏បានជួបពិភាក្សាការងារជាមួយ សម្តេចវិបុលសេនា សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន ផងដែរ។

សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀង ហ្វូ៊ជុង បានជួបពិភាក្សាគ្នារយៈពេលជាងមួយម៉ោងដោយបានពិភាក្សាលើបញ្ហាទ្វេភាគី បញ្ហាតំបន់ និងលើពិភពលោកផងដែរ។ បន្ទាប់ពីកិច្ចពិភាក្សារសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀង ហ្វូ៊ជុង បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន៖

* 1៖ ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក

* 2៖ សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក។ ពិធីសារទាំងពីរចុះហត្ថលេខាដោយលោក ង្វៀន វ៉ាន់ថេរ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និងលោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា

* 3៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណង២៥លានដុល្លាអាមេរិក សម្រាប់ការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលរបស់រដ្ឋសភា។ ចុះហត្ថលេខាដយលោក ឌីញ គៀនយ៉ុង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា

* 4៖ កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្តីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩-២០២០។ ចុះហត្ថលេខាដោយលោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា

* 5៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០១៩-២០២១ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម។ ចុះហត្ថលេខាដោយ លោក Duong Tri Thanh ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ថ្វីត្បិតថាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន ហ្វូ៊ជុង នៅកម្ពុជាមានរយៈពេលខ្លី ប៉ុន្តែដំណើរទស្សនកិច្ចនេះ បានបង្ហាញអំពីភាពស្អិតល្មួត នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើសេចក្តីរាយការណ៍អំពីការអភិវឌ្ឍថ្មីៗរបស់ប្រទេសរៀងខ្លួន និងបានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា បញ្ហាតំបន់ និងពិភពលោក ដែលមានផលប្រយោជន៍ទៅវិញទៅមក។

ព័ត៌មានលំអិតនៃដំណើរទស្សនកិច្ចរបស់លោក ង្វៀន ហ្វូ៊ជុង នៅកម្ពុជា៖ http://freshnewsasia.com/index.php/en/localnews/114254-2019-02-26-11-49-29.html

២៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន និងភរិយា

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន (Moon Jae-in) និងភរិយា លោក ស្រី លោកស្រី គីម ជុង ស៊ុក (Kim Jung-sook) គឺជាភ្ញៀវទីពីររបស់កម្ពុជានៅក្នុងឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លោក ម៉ូន ចេអ៉ីន និងភរិយា បានបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។

ក្នុងដំណើរទស្សនកិច្ចនេះ លោក មូន ចេអ៉ីន បានអញ្ជើញបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ និងបានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

ក្នុងជំនួបពិភាក្សាទ្វេភាគីនេះ សម្តេចតេជោ ហ៊ុន សែន និងលោក មូន ចេអ៉ីន សុទ្ធតែបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាពិសេសជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។

បន្ទាប់ពីពិភាក្សាការងារហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក មូន ចេអ៉ីន បានអញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥រួមមាន៖

1៖ កិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ 2019-2023 ចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី កាង ឃ្យូងវ៉ា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ ។

2៖ អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា ចុះហត្ថលេខាដោយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា និងលោក សង់ យូនម៉ូ រដ្ឋមន្ត្រីពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលកូរ៉េ ។

3៖ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចុះហត្ថលេខាដោយលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៉ឺន សង់ស៊ូប្រធានធនាគារនីហរ័ណ-អហរ័ណកូរ៉េ ។

4៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគពីកូរ៉េ ចុះហត្ថលេខាដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ក្វន់ ភ្យង់អូ ប្រធាន និងជានាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ។

5៖ អនុស្សារណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោក សង់ ឃ្យុងរ៉្យុង ប្រធានក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមកូរ៉េ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក មូន ចេអ៉ីន ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយវិនិយោគិន និងពលរដ្ឋកូរ៉េ ក្នុងសហគមន៍កូរ៉េនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា លោក មូន ចេអ៉ីន និងភរិយា បានជាប់ចិត្តជាមួយប្រាង្គប្រាសាទក្នុងទឹកដីខេត្តសៀមរាប ហើយបានអញ្ជើញទៅទស្សនានៅប្រាង្គប្រាសាទដែលជារតនសម្បត្តិដ៏ឧត្តុងឧត្តមរបស់ខ្មែរ។

លោក មូន ចេអ៉ីន បានសរសេរបង្ហោះនៅលើបណ្តាញសង្គមបង្ហាញភាពស្ញប់ស្ញែងជាខ្លាំងចំពោះប្រាង្គប្រាសាទរបស់កម្ពុជា។ ក្នុងដំណើរទស្សនកិច្ចរបស់លោក មូន ចេអ៉ិន ត្រូវបានគេមើលឃើញថា ជាការរួមចំណែកជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូងឱ្យវិវឌ្ឍន៍ទៅរកភាពល្អប្រសើរកាន់តែខ្លាំងក្លាមួយកម្រិតទៀត។

ព័ត៌មានលំអិតនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូន ចេអ៉ីន នៅកម្ពុជា៖ http://freshnewsasia.com/index.php/en/localnews/116209-2019-03-16-08-26-24.html

 

៣៖ ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោកស្រី អោង សានស៊ូជី (Aung San Suu Kyi)

លោកស្រី អោង សានស៊ូជី ជាភ្ញៀវទី៣ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ដំណើរបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា របស់នារីខ្លាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាពរូបនេះ នាំឱ្យមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ដំណើរទស្សនកិច្ចរបស់លោកស្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកស្រី អោង សានស៊ូជី បានអញ្ជើញចូលបង្គំគាល់ និងសវនាការជាមួយ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ លោកស្រី ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

វត្តមានរបស់លោកស្រី អោង សានស៊ូជី ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី សម្តេចតេជោ ហ៊ុន សែន និង លោកស្រី អោង សានស៊ូជី បានឯកភាពគ្នាពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ។
លោកស្រីស៊ូជី បានលើកឡើងពីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ វិស័យសាសនា វិស័យអប់រំ ដូចជាវិស័យសេដ្ឋកិច្ចផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា នៅឆ្នាំ២០២០ ខាងមុខនេះគឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដូច្នេះយើងគួររួមគ្នារៀបចំពិធីឱ្យបានអធឹកអធមផង និងជំរុញវិស័យទេសចរណ៍ប្រទេសទាំងពីរផង ជាពិសេសនៅខេត្តសៀមរាប និងខេត្តបាកាន ដែលជាខេត្តពោរពេញទៅដោយប្រាសាទបេតិកភណ្ឌ។ សម្ដេចតេជោ បានថ្លែងអំណរគុណសហភាពមីយ៉ាន់ម៉ា ដែលអនុញ្ញាតឱ្យ កម្ពុជាសាងសង់ព្រះវិហារនៅប្រទេសមីយ៉ាន់ម៉ា និងបណ្តុះបណ្តាលសាមណសង្ឃខ្មែរ។

សម្ដេចតេជោ បានស្នើសុំឱ្យមានការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសទាំងពីរ មានសក្តានុពល ជំរុញឲ្យមានការរីកចម្រើនកាន់តែធំធាត់ឡើង។ ជាពិសេសបង្កើនទំហំពាណិជ្ជកម្ម ពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត។ លោកស្រី និងសម្ដេចតេជោ បានឯកភាពគ្នាជំរុញវិស័យសំខាន់ៗទាំងនេះ ហើយក៏បានផ្ដល់ការទុកចិត្តឲ្យរដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ដើម្បីធ្វើការងារជាបន្តទៀត។

បន្ទាប់ពីបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់កម្ពុជាហើយនោះ លោកស្រី អោង សានស៊ូជី ក៏បានអញ្ជើញទៅទស្សនាកម្សាន្តនៅប្រាសាទអង្គរ និងប្រាសាទបាយ័ន នៅលើទឹកដីអង្គរ ខេត្តសៀមរាបផងដែរ។ ជាមួយការទស្សនាប្រសាទខ្មែរនៅទឹកដីអង្គរ លោកស្រី អោង សានស៊ូជី បានចាប់អារម្មណ៍ខ្លាំងទៅនឹងសិលាចារិកមួយ ដែលមានអក្សរភូមាចារិកជាប់ជាមួយនោះ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី អោង សានស៊ូជី នៅកម្ពុជា ជាដំណើរទស្សនកិច្ចមួយជួយពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី។

ព័ត៌មានលំអិតនៃដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី៖ http://freshnewsasia.com/index.php/en/localnews/120713-2019-05-01-09-49-44.html

៤៖ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli

លោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្ត្រីនេប៉ាល់ ជាមេដឹកនាំប្រទេសជាមិត្តទី៤ បំពេញទស្សនកិច្ចនៅកម្ពុជា។ លោក សាម៉ា អូលី បានបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ លោក សាម៉ា អូលី បានជួបងសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានធ្វើពិធីទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក សាម៉ា អូលី នៅវិមានសន្តិភាព។ នៅក្នុងជំនួបពិភាក្សាការងារ សម្តេចតេជោ និងលោក សាម៉ា អូលី បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅសី្តពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងការអប់រំ។ សម្តេចតេជោ និងលោក សាម៉ា អូលី បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រឹងឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងនេប៉ាល់ ដែលមានឬសគល់យ៉ាងជ្រៅនៅក្នុងកេរដំណែលវប្បធម៌រួមនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តផងដែរថា កម្ពុជា និង នេប៉ាល់ បានអភិវឌ្ឍភាពជាដៃគូដ៏រឹងមាំដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ និងពិភពលោក។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោកនាយករដ្ឋមន្ត្រីនេប៉ាល់ និងសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ផងដែរ។ ក្នុងវេទិកានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វេទិកានាធុរកិច្ចកម្ពុជា-នេប៉ាល់ ផ្តល់ឱកាសឱ្យសម្តេចបានចែករំលែកព័ត៌មានអំពីការវិវត្តសំខាន់ៗ នៅកម្ពុជាពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្តានុពលធុរកិច្ចនិងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

សម្តេចតេជោ បានថ្លែងបញ្ជាក់ទៅកាន់នាយករដ្ឋមន្ត្រីនេប៉ាល់ថា បើគ្មានស្ថិរភាពនយោបាយ និងសន្តិភាពទេ កុំនិយាយទៅដល់ការវិនិយោគ និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរដល់ប្រទេសនេប៉ាល់ ដែលបានបិទបញ្ចប់ភ្លើងសង្គ្រាម និងនាំមកនូវស្ថេរភាពនយោបាយ។

មុនបញ្ចប់ដំណើរទស្សនកិច្ច លោក សាម៉ា អូលី ក៏បានអញ្ជើញទៅទស្សនកិច្ចនៅវិមាននយោបាយឈ្នះ-ឈ្នះ ដែលជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមនៅកម្ពុជាផងដែរ។

ព័ត៌មានលំអិតនៃដំណើរទស្សនកិច្ចរបស់លោក លោក សាម៉ា អូលី៖ http://freshnewsasia.com/index.php/en/localnews/122000-2019-05-16-06-15-13.html

៥៖ ប្រធានាធិបតីស្រីលង្កា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា

លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា ប្រធានាធិបតីស្រីលង្កា ជាមេដឹកនាំប្រទេសជាមិត្តទី៥ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា ប្រធានាធិបតីស្រីលង្កា និងភរិយា លោកស្រី ចាយ៉ាន់ធី ស៊ីរីសេនា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា បានអញ្ជើញចូលបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ និងបានអញ្ជើញជួបសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកប្រធានាធិបតី Maithripala Sirisena បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោកក៏បានជំរុញឱ្យបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យអប់រំ, វប្បធម៌, ទេសចរណ៍, ពាណិជ្ជកម្ម, អាកាសចរណ៍ស៊ីវិល និងពិសេសជំរុញឲ្យមានការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ឬពីប្រទេសកម្ពុជា ទៅប្រទេសស្រីលង្កា។

បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគីហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក Maithripala Sirisena បានអញ្ជើញជាអធិបតីរួមគ្នា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ រួមមាន៖

1៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ចុះហត្ថលេខាដោយ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា និងលោក Vansantha Senanayake មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសស្រីលង្កា។

2៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មក្រុងកូឡំបូ។ ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយប្រធានសភាពាណិជ្ជកម្មស្រីលង្កា។

ក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីជំរុញការធ្វើធុរកិច្ចរវាងកម្ពុជា និងស្រីលង្កានោះ សម្តេចតេជោ ហ៊ុន សែន និងលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា បានអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កាផងដែរ។

លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងភរិយា បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ហើយនៅក្នុងដំណើរទស្សនកិច្ចនេះ លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា បានអញ្ជើញទៅកាន់វត្តលង្កា ដើម្បីប្រគេនដើមពោធិព្រឹក្ស ដែលយកមកពីក្រុងអនុរាធបុរៈ ប្រទេសស្រីលង្កា ជូនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា។ លោកប្រធានាធិបតី ក៏អញ្ជើញចូលរួមដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ។

ព័ត៌មានលំអិតនៃដំណើរទស្សនកិច្ចរបស់លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា៖ http://freshnewsasia.com/index.php/en/localnews/130513-2019-08-10-12-48-02.html

៦៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ (Mahathir Mohamad)

លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាមេដឹកនាំប្រទេសជាមិត្តទី៦ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០១៩។ លោកបណ្ឌិត មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេនៅលើពិភពលោករូបនេះ ត្រូវបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីសម្តេចតេជោ ហ៊ុន សែន។ ក្នុងដំណើរទស្សនកិច្ចលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន។

នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន, លោក មហាធា បានសម្តែងការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ីលើគ្រប់វិស័យ រួមមានពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្មហាឡាល ការពារជាតិ និងសន្តិសុខ ទេសចរណ៍ កសិកម្ម និងការអប់រំ។

ក្នុងជំនួបនេះសម្តេចតេជោ និងលោក មហាធា បានបញ្ជាក់អំពីសារៈសំខាន់នៃការបន្តខិតខំពង្រឹងពង្រីកកិច្ចសហការ និងសហប្រតិបតិ្តការនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពហុភាគី ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។

ក្រៅពីបញ្ហាទំនាក់ទំនងទ្វេភាគីនេះទៅ សម្តេចតេជោ និងលោក មហាធា បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងលើពិភពលោកផងដែរ។ សម្តេចតេជោ ហ៊ុន សែន និងលោក មហាធា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីររួមមាន៖

1៖ កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ចុះហត្ថលេខាដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

2៖ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

ក្នុងដំណើរទស្សនកិច្ចនេះ លោក មហាធា បានអញ្ជើញធ្វើបាឋកថា ជូនដល់និស្សិតកម្ពុជាប្រមាណ ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»។

ក្នុងបាឋកថានោះ លោកនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែប្រួលយ៉ាងឆាប់រហ័ស ដោយមានទាំងសំណងអគារខ្ពស់ កំពុងរីកដុះដាលពាសពេញរាជធានីភ្នំពេញ។ លោកអះអាងថា នៅពេលយន្ដហោះចុះចត ដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ លោកបានសង្កេតឃើញថា រាជធានីភ្នំពេញ ហាក់បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ខុសប្លែកកាលពីពេលលោកអញ្ជើញមកលើមុន ពោលបច្ចុប្បន្នរាជធានីភ្នំពេញ មានអគារខ្ពស់ៗជាច្រើន បានរីកដុះដាល។

លោក មហាធា មហាម៉ាត់ បានប្រាប់ទៅកាន់សាស្ត្រចារ្យ និងនិស្សិតកម្ពុជា កុំឱ្យបរិភោគច្រើនដែលជាហេតុនាំឱ្យសារពាង្គកាយឆាប់ចាស់ និងទ្រុឌទ្រោម។ លោក មហាធា គឺជាវេជ្ជបណ្ឌិតមួយរូបដែលបានបញ្ចប់មហាវិទ្យាល័យផ្នែកសុខាភិបាល ហើយលោកជាអ្នករកស៊ីលើវិស័យសុខាភិបាលផងដែរមុនចូលប្រឡូកក្នុងឆាកនយោបាយ។

ព័ត៌មានលំអិតនៃដំណើរទស្សនកិច្ចរបស់លោក មហាធា មហាម៉ាត់៖ http://freshnewsasia.com/index.php/en/localnews/132863-2019-09-04-08-10-14.html

៧៖ នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត

លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ ជាមេដឹកនាំប្រទេសជាមិត្តទី៧ ដែលបានអញ្ជើញទស្សនកិច្ចនៅកម្ពុជានាឆ្នាំ២០១៩។ លោកនាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។

ដំណើរទស្សនកិច្ចរបស់លោក ថងលូន ស៊ីស៊ូលីត នៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការយល់ច្រឡំមួយចំនួនរវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅតំបន់ព្រំដែនក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ថងលូន ស៊ីស៊ូលីត បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជា និងឡាវ បានឯកភាពគ្នា ប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែន នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាព្រាងឱ្យបានឆាប់បំផុតនូវសន្ធិសញ្ញាស្តីពីការខណ្ឌសីមាព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពាក់ព័ន្ធកំណាត់ព្រំដែន ដែលភាគីទាំងពីរ បានកំណត់ខណ្ឌសីមា រួចរាល់ហើយ ចំនួន៨៦% នៃខ្សែព្រំដែនរវាងប្រទេសទាំងពីរ។

កម្ពុជា-ឡាវ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដល់កំរិតជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងវៀងចន្ទ និងរវាងខេត្តសៀមរាប និងខេត្តចំប៉ាសាក់។

សម្តេចតេជោ ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគី តាមរយៈកិច្ចប្រឹងប្រែងរួម ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសបង្កើនពាណិជ្ជកម្មទ្វេភាគីលើវិស័យថាមពលអគ្គិសនី។

ក្នុងដំណើរទស្សនកិច្ចនេះកម្ពុជា និងឡាវ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥រួមមាន៖

1៖ អនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ (ហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ខាំផែង សាយ សំផេង រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម)។

2៖ កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក ខាំម៉ានី អ៊ីនធីរ៉ាត់ រដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែ)។

3៖ កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនាំចូលអគ្គិសនីអនុភាព ៥០០មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ (ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរងចាំសមាភាពពីភាគីឡាវ)។

4៖ កិច្ចព្រមព្រៀទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព៦00 មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ (ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរងចាំសមាភាពពីភាគីឡាវ)។

5៖ កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវងអគ្គិសនីកម្ពុជា និងក្រុមហ៊ុម XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព ១៨០០ មេហ្កាវ៉ាត់ នៅខេត្តសេកុង (ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរងចាំសមាភាព ពីភាគីឡាវ)។ 

ព័ត៌មានលំអិតនៃដំណើរទស្សនកិច្ចរបស់លោក ថងលូន ស៊ីស៊ូលីត៖ http://freshnewsasia.com/index.php/en/localnews/133878-2019-09-13-08-39-11.html

៨៖ ប្រធានាធិបតីហុងគ្រី លោក យ៉ាណូស អាឌ័រ (Janos Ader)

លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី ជាមេដឹកនាំប្រទេសជាមិត្តទី៨ និងចុងក្រោយគេ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០១៩។ លោក យ៉ាណូស អាឌ័រ និងភរិយា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទីពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងដំណើរទស្សនកិច្ចនេះលោក យ៉ាណូស អាឌ័រ និងភរិយា បានអញ្ជើញចូលគាល់ និងសវនាការជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។

លោក យ៉ាណូស អាឌ័រ ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន, លោក យ៉ាណូស អាឌ័រ និងសម្តេចតេជោ បានពិភាក្សាផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ។

នៅក្នុងជំនួបនោះ ប្រធានាធិបតីហុងគ្រី យ៉ាណូស អាឌ័រ ដែលជាប្រទេសមួយនៃសមាជិកសហភាពអឺរ៉ុបដែរនោះ បានប្រកាសប្រឹងប្រែងជួយការពារប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជានៅលើទីផ្សារអឺរ៉ុប មិនឱ្យមានការដកដូចការព្រមានរបស់គណៈកម្មការអឺរ៉ុបនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន និង លោក យ៉ាណូស អាឌ័រ (Janos Ader) បានសន្យាបញ្ជូននូវអ្នកជំនាញមកជួយកម្ពុជា លើបញ្ហាទឹកស្អាត និងការកំណល់រឹងរាវ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ លោក យ៉ាណូស អាឌ័រ និងភរិយា បានអញ្ជើញទៅទស្សនាប្រាង្គប្រាសាទដែលជារតនសម្បត្តិដ៏ឧត្តុងឧត្តមរបស់កម្ពុជានៅក្នុងខេត្តសៀមរាបផងដែរ។

ព័ត៌មានលំអិតនៃដំណើរទស្សនកិច្ចរបស់លោក យ៉ាណូស អាឌ័រ៖ http://freshnewsasia.com/index.php/en/localnews/138233-2019-10-31-04-28-39.html