(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ឆ្លងឆ្នាំ និងដើម្បីបរិស្ថានអនាម័យល្អស្អាត នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ រួមនឹងរថយន្តបាញ់ទឹកកោះពេជ្រ មកបាញ់លាងសម្អាតឥដ្ឋ ទីធ្លាសួនច្បារសម្តេចតេជោ ក្នុងសង្កាត់ទន្លេបាសាក់ ។
ដោយកាលពីយប់ថ្ងៃឆ្លងឆ្នាំសកល បងប្អូនប្រជាពលរដ្ឋទូទាំងរាជធានី មកពីខេត្តមួយចំនួនធំ បានធ្វើដំណើរទៅកម្សាន្តលេងនៅម្ដុំសួនច្បារសម្តេចតេជោ សួនមាត់ទន្លេ ឬកោះពេជ្រ ឬក៏តាមសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ និងបានបោះសំរាមចោលនៅលើផ្លូវ។
ដោយឡែកនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ លោកអភិបាលបានដឹកនាំកម្លាំង និងយករថយន្តដឹកទឹករបស់ទីក្រុងកោះពេជ្រមកបាញ់លាងសំអាតបន្ថែមទៀត កុំឱ្យមានក្លិនស្អុយ ចៀសវាងការសល់ក្លិនមិនល្អ ដែលអាចប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលមកហាត់ប្រាណនៅតាមសួននេះ។
ក្នុងនោះលោក ថេង សុថុល បានបញ្ជាក់ថា ការបោកដុសសម្អាតនៅចិញ្ចើមសួនច្បារ និងផ្លូវនាពេលនេះ គឺសំអាតបន្ថែមកាកសំណល់ និងទឹកស្អុយ ដែលអាចធ្វើឲ្យប៉ះពាល់សុខភាព បងប្អូនប្រជាពលរដ្ឋតែងតែមកហាត់ប្រាណ ឬនាំគ្រួសារមកលំហែរ នៅតាមសួន និងស្រូបខ្យល់បរិសុទ្ធ ពិសេសដើម្បីចូលរួមទីក្រុងស្អាត និងបរិស្ថានស្អាត គ្មានសំរាមរាយពេញផ្លូវ៕