(កំពង់ឆ្នាំង)៖ ជនសង្ស័យម្នាក់ និងឧបករណ៍នេសាទល្មើសច្បាប់ជាទូកម៉ាស៊ីនមួយគ្រឿង ត្រូវបានសមត្ថកិច្ចចំរុះបង្ក្រាបបាន ខណៈដែលជនសង្ស័យរូបនេះ កំពុងនេសាទនៅក្នុងតំបន់បឹងប្រា ដែលជាតំបន់អភិរក្សជលគីរីទី៧B។
កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១៖១០នាទីយប់ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដោយកម្លាំងចំរុះរួមមាន៖ ជលផលសង្កាត់ កម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាល សហគមន៍ ប្រជាការពារ បានធ្វើសកម្មភាពចុះបង្ក្រាប នៅចំណុចបឹងប្រា ភូមិក្បាលការឡង់ ឃុំពាឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បន្ទាប់ពីកម្លាំងបានទទួលព័ត៌មានច្បាស់លាស់ ពីមុខសញ្ញាដែលរាយការណ៍ ដោយប្រជាសហគមន៍នេសាទរួចមក។
សមត្ថកិច្ចជំនាញដែលបានបង្ក្រាបមុខសញ្ញាខាងលើនេះ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ឹម ហូយ ហៅហូយ អាយុ៣៦ឆ្នាំ មានប្រពន្ធឈ្មោះ ព្រឿង រតនា រស់នៅក្នុងភូមិដូនវៀតឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យរូបនេះ ក៏ជាមុខសញ្ញាប្រព្រឹត្តបទល្មើស ដែលសមត្ថកិច្ចតាមចាប់ជាយូរមកហើយ។ រូបគេតែងតែធ្វើសកម្មភាពបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សបឹងប្រា ជលគីរីទី៧B និងនៅក្នុងតំបន់ផ្សេងៗទៀត ដែលសមត្ថកិច្ចហាមឃាត់ ហើយការធ្វើសកម្មភាពរបស់ជនសង្ស័យខាងលើដែរ គេតែងតែប្រព្រឹត្តឡើងនៅវេលាយប់ស្ងាត់។
ក្នុងកិច្ចប្រតិបត្តការបង្ក្រាបខាងលើនេះសមត្ថកិច្ច ដកហូតបាន បាឡាស្មាច់មួយគ្រឿង ភ្ជាប់ដោយម៉ាស៊ីនសាំង ១៨សេះមួយគ្រឿង ដងជនមួយគូរ និងត្រីមួយចំនួន។ ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដើម្បីធ្វើសាកសួរ និងកសាងឯកសារបញ្ជូនបន្តទៅកាន់សាលាតំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមនីតិវិធី។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះថា ជនសង្ស័យត្រូវបានកម្លាំងចម្រុះដឹកនាំដោយនាយសង្កាត់ជលផលកំពង់លែង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាល រួមនិងប្រជាសហគមន៍នេសាទ និងប្រជាការពារផងដែរ។
កន្លងមកលោកតែងតែ បានប្រជុំផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទ នៅតាមសហគមន៍នានា ដោយបានសំណូមពដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នករកស៊ីនេសាទ សូមកុំធ្វើការនេសាទដោយប្រើឧបករណ៍នេសាទល្មើសច្បាប់ ដែលច្បាបបានហាមឃាត់ ជាពិសេសហាមដាច់ខាតការចូលធ្វើការនេសាទ ក្នុងតំបន់អភិរក្សត្រីមេពូជ និងការកាប់បំផ្លាញព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន ដោយធ្វើយ៉ាងណាថែរក្សាឲ្យបានសម្រាប់កូនចៅយើងជំនាន់ក្រោយទាំងអស់គ្នា៕