Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរសូមប្រុងប្រយ័ត្ន! ស្លាប់ម្នាក់របួសម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅស្រុកព្រៃនប់

02-01-2020 12:42

(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ បុកជាមួយនិងរថយន្ដ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ស្ថិតនៅផ្លូវជាតិលេខ០៤ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ល្ងាចមិញនេះ។

មន្ត្រីនគរបាលចរាចរណ៍មូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាក HONDA DREAM របស់ជនរងគ្រោះបុកជាមួយរថយន្ដម៉ាក TOYOTA CAMRY បើកបររក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូបានស្លាប់ និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់។

ប្រភពដដែលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ អ្នកបើកបរម៉ូតូ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង) និងអ្នករួមដំណើរម្នាក់ឈ្មោះ គឹម ងោល ភេទប្រុស អាយុ ៥៧ឆ្នាំ របួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យឃ្លាំងលើ។ ជនរងគ្រោះទាំងពីរនាក់ខាងលើមានទីលំនៅ នៅស្រុកឈូក ខេត្តកំពត។

មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ចំណែកសាកសពជនរងគ្រោះ ត្រូវបាននរគបាល ជំនាញប្រគល់ជូនដល់គ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់បណ្តោះអាសន្ន រងចាំការដោះស្រាយតាមនីតិវិធីច្បាប់៕