(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានី-ខេត្តចំនួន៤ នោះគឺរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សាពីនីតិវិធីនៃការផ្តល់សេវាដីធ្លីឡើងវិញ នៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ ដោយធានានូវការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ពិសេសបង្កើនចំណូលចូលថវិកាជាតិ។
ក្នុងឱកាសជួយពិភាក្សាការងាររវាងអភិបាលរាជធានីភ្នំពេញ និងក្រុមការងារអន្តរក្រសួងស្តីពី ចុះសិក្សាទំរង់បែបបទ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានី-ខេត្តទាំង៤នេះ ដើម្បីសិក្សានីតិវិធីផ្តល់សេវាដីធ្លីឡើងវិញ នៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ។
លោកបានបញ្ជាក់ថា ការសម្រេចសិក្សាពីនីតិវិធីផ្តល់សេវាដីធ្លីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ជាការកែទម្រង់ការផ្តល់សេវាឲ្យកាន់តែងាយស្រួលប្រកប ដោយគុណភាពជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននីតិវិធីនៃការផ្តល់សេវាដីធ្លីនៅតាមការិយាល័យច្រកចេញចូលតែមួយ មានភាពលំបាកស្មុគស្មាញដែលជាហេតុផ្តល់សេវាពុំសូវបានល្អ។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានគាំទ្រចំពោះការកែទម្រង់លើការផ្តល់សេវាផ្នែកដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្នាក់រាជធានី-ខេត្តថា នេះការជួយដោះស្រាយការលំបាកជាច្រើនរវាងមន្រ្តីផ្តល់សេវា និងអ្នកមកទទួលសេវាឲ្យកាន់តែងាយស្រួលជាង មុនពោលគឺលឿនរហ័ស និងប្រកបដោយគុណភាព។
លោកបានអះអាងថា កន្លងមកនេះប្រជាពលរដ្ឋបានគាំទ្រយ៉ាងខ្លំាង លើការមកទទួលសេវាផ្នែកនេះនៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានជួបបញ្ហាប្រឈមមួយចំនួន ក្នុងការផ្តល់សេវាមិន បានទាន់ពេលវេលាផងដែរ ដោយសារប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំដាក់ពាក្យពុំបានភ្ជាប់ជា មួយនឹងឯកសារគ្រប់គ្រាន់ ការដកឯកសារត្រលប់ទៅវិញហើយលក់ទៅឲ្យអ្នកដ៏ទៃច្រើន ដំណាក់កាល ឯកសារមានជាប់បណ្តឹង ខ្វះស្នាមមេដៃអ្នកជាប់ព្រំជាដើម។
សូមបញ្ជាក់ថា ចាប់ពីបើកដំណើរការការិយាល័យច្រកចេញចូលតែមួយ នៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៧ មកដល់ដំណាច់ឆ្នាំ២០១៩ ការិយាល័យនេះ បានផ្តល់សេវាជូនប្រជាពលរដ្ឋ បានចំនួនជាង ៣១០០០សេវា ហើយទទួលបានទឹកប្រាក់ចូលថវិកាជាតិជាង ៤៧៤៤លានរៀល៕