(កំពង់ឆ្នាំង)៖ សាលាដំបូងខេត្តកំពង់ឆ្នាំងបានប្រកាសសាលក្រមព្រហ្មទណ្ឌលើសំណុំរឿងឃាតកម្មគិតទុកជាមុន ប្រព្រឹត្តដោយឈ្មោះ អោម ឆន ហៅ ឆោម ឆន ភេទប្រុស អាយុ៥៨ឆ្នាំ ដែលបានបាញ់សម្លាប់ថៅកែទឹកសុទ្ធឈ្មោះ ប៊ិន ហឿន នៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីទី១៦ ខែឧសភា ឆ្នាំ២០១៨ ឲ្យជាប់គុកអស់មួយជីវិត តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យសងសំណង ៣០លានរៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី។
ក្រោយពីការស៊ើបអង្កេតលើសំណុំរឿងខាងលើរហូតឈានដល់នីតិវិធីជំនុំជម្រះបើកសវនាការជាសាធារណៈ ចៅក្រមក្រុមប្រឹក្សាជំនុំជម្រះបានធ្វើការវិនិច្ឆ័យលើអង្គហេតុ ភស្តុតាង ការសាកសួរសាក្សី និងអង្គច្បាប់យ៉ាងល្អិតល្អន់ក្នុងការសម្រេចសេចក្តីលើសំណុំរឿងមួយនេះ។
ក្រុមគ្រួសាររបស់ជនរងគ្រោះ សូមថ្លែងអំណរគុណដល់ លោកចៅក្រម សុខ ឧត្តម ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកំពង់ឆ្នាំង រួមទាំងចៅក្រមប្រឹក្សា និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានផ្តល់យុត្តិធម៌ជូនជនរងគ្រោះដែលបានស្លាប់យ៉ាងអំណោចអំធម និង សូមថ្លែងអំណរគុណដល់កំលាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និង កញ្ញាមេធាវី ទ្រី ស្រីលក្ខ័ណ ជាមេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងជាមេធាវីការពារសិទ្ធិនិងតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងសំណុំរឿងឃាតកម្មគិតទុកជាមុននេះ។