(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប បានថ្លែងថា ក្រុមហ៊ុន លី ហួរ គ្រុប ជាក្រុមហ៊ុនមេ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៨ផ្សេងទៀត ហើយរាល់ការងារទាំងអស់សុទ្ធតែទទួលបានលទ្ធភាពល្អ ដូនេះលោក និងបុគ្គលិកជិត ២ពាន់នាក់ទៀត បានប្ដេជ្ញារួមគ្នាខិតខំប្រឹងប្រែងពង្រីក និងពង្រឹងគុណភាព ដើម្បីអភិវឌ្ឍខ្លួនឈានទៅស្ដង់ដារអន្ដរជាតិមួយ។
លោកឧកញ៉ា ថ្លែងបន្ដថា «ដោយឈរលើគោលការណ៍ស្មោះត្រង់ តម្លាភាព មិនកេងប្រវ័ញ្ច និងចាត់ទុកអតិថិជនជាដៃគូអាជីវកម្មដ៏ល្អ អគារប្តូរប្រាក់ លី ហួរ បានចាប់ផ្តើមមានកេរ្តិ៍ឈ្មោះ បោះសម្លេងបន្តិចម្តងៗនៅលើទីផ្សារជាតិ និងអន្តរជាតិ ដែលធ្វើឲ្យអគារប្តូរប្រាក់ លី ហួរ មានការរីកចម្រើន និងជោគជ័យបន្តបន្ទាប់រហូតអនុញ្ញាតឲ្យ ខ្ញុំ បង្កើតបានជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន លី ហួរ គ្រុប ចំនួន៨នេះ»។ រួមមាន៖
*១៖ អគារប្តូរប្រាក់ លី ហួរ និងរតនៈអលង្ការ (បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ខូអិលធីឌី)
*២៖ ក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី
*៣៖ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក
*៤៖ ក្រុមហ៊ុន ទេពីអាក្រូ វិនិយោគ
*៥៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី
*៦៖ ក្រុមហ៊ុន លី ហួរ លី ស៊ីង ភីអិលស៊ី
*៧៖ ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី
*៨៖ ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក
លោកឧកញ៉ា បានថ្លែងបន្ដថា លទ្ធផលការងារមានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ និងក្រុមហ៊ុនមួយចំនួនទៀតបានចាប់ផ្តើមរីកចម្រើនជាបណ្តើរៗ ផងដែរក្នុងឆ្នាំ២០១៩មកនេះ ដែលភាពរីកចម្រើនទាំងអស់នេះ ទទួលប្រាក់ចំណេញតាមក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗសម្រេចបានចំនួនសមស្របតាមទីផ្សារសេដ្ឋកិច្ច, បានបង្កើតការងារឲ្យបុគ្គលិក មានចំនួនកើនឡើងរហូតដល់ប្រមាណជិត ២,០០០នាក់។ លើសពីនោះ ក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗបានបង្កើតគម្រោង សាខាថ្មីៗបន្ថែមប្រកបដោយភាពជោគជ័យ ក្រោមការសហប្រតិបត្តិការ និងជ្រោមជ្រែងគ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ។
ទន្ទឹមនឹងសមិទ្ធផលដ៏ល្អនេះ លោកឧកញ៉ា លី ហួរ ក៏បានជំរុញលើកចិត្តដល់បុគ្គលិកទាំងអស់ដែលជាគ្រួសារមួយសាមគ្គីនេះ ត្រូវបន្តការខិតខំបំពេញការងារ ឲ្យកាន់តែប្រសើរបន្ថែមទៀត សម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់។ជាមួយគ្នានោះ លោកឧកញ៉ា ក៏ដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ជាអាទិភាពសម្រាប់ឆ្នាំ២០២០ ដូចតទៅ៖
*១៖ អនុវត្តន៍បាវចនាក្រុមហ៊ុន មានដូចតទៅ៖
*សីលធម៌ ត្រូវមានសីលធម៌ល្អ សុភាពរាបសារ ទន់ភ្លន់ រស់រាយរាក់ទាក់
*សមធម៌ ស្មើភាពគ្នា មិនកេងប្រវ័ញ្ច គ្មានបក្សពួក គ្មានអំពើពុករលួយ
*យុត្តិធម៌ តម្លាភាព ត្រឹមត្រូវ ស្មើមុខគ្នាចំពោះមុខច្បាប់ អនុវត្តន៍ច្បាប់ជាធំ
*២៖ ពង្រឹងរចនាសម័្ពន្ធក្រុមហ៊ុន តាមរយៈការផ្លាស់ប្តូររចនាសម្ព័ន្ធបុគ្គលិក ឲ្យសមស្របទៅនឹងសមត្ថភាព ភាពចាំបាច់ និងលក្ខខណ្ឌរបស់ក្រុមហ៊ុន
*៣៖ ពង្រីកប្រតិបត្តិការ ដោយបង្កើតគម្រោង ឬសាខាតាមក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗនិងបង្កើតក្រុមហ៊ុនថ្មីៗបន្ថែមទៀត ឱ្យសមស្របទៅនឹងកាលៈទេសៈទីផ្សារសេដ្ឋកិច្ចសង្គមជាតិ។
*៤៖ បង្កើតផលិតផល និងសេវាកម្មថ្មីៗបន្ថែមទៀត តាមតម្រូវការរបស់អតិថិជនអោយសមស្របតាមទីផ្សារបច្ចុប្បន្ន និងពេលអនាគត
*៥៖ ពង្រឹងសមត្ថភាពបុគ្គលិកតាមរយៈការបណ្តុះបណ្តាលបង្ហាត់បង្រៀនបន្ថែម ដើម្បីឱ្យការអនុវត្តន៍ការងារមានប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវតាមជំនាញវិជ្ជាជីវៈ
*៦៖ គ្រប់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តន៍ផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដែលមិនទាន់សម្រេចបាននៅក្នុងឆ្នាំ២០១៩ ហើយត្រូវអនុវត្តន៍ផែនការយុទ្ធសាស្រ្ត ដែលដាក់ចេញនាឆ្នាំ២០២០នេះ ឲ្យសម្រេចបានលទ្ធផលត្រចះត្រចង់ជាបន្តបន្ទាប់
*៧៖ ត្រូវរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងតាមក្រុមហ៊ុននីមួយៗឲ្យបានរឹងមាំធ្វើយ៉ាងណាអនុវត្តន៍ការងារ ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត
*៨៖ តាមក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន ដែលមិនទាន់មានការរៀបចំជាគណៈកម្មការជំនាញ ដែលត្រូវប្រជុំ ពិភាក្សាលើកិច្ចការងារចាំបាច់ផ្សេងៗ ត្រូវចាប់ផ្តើមរៀបចំចងក្រងបង្កើតឲ្យមានជាគណៈកម្មការតាមភាពចាំបាច់ ដើម្បីឲ្យការអនុវត្តការងារចំទិសដៅ មានប្រសិទ្ធភាពខ្ពស់ និងតម្លាភាព
*៩៖ តាមក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗ ត្រូវខិតខំប្រឹងប្រែងរៀបចំ ស្តង់ដារការងារឲ្យសមស្របតាមស្ថានភាពទីផ្សារការងារ ទីផ្សាសេដ្ឋកិច្ចសង្គមជាតិទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
*១០៖ ត្រូវបង្កើនប្រាក់ចំណេញជាអតិបរមា តាមរយៈការបង្កើនទំនុកចិត្តពីអតិថិជន បង្កើនផលិតភាពការងារ គុណភាពសេវាកម្ម និងប្រសិទ្ធភាពការងាររបស់បុគ្គលិក នៃក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗ។
សូមជម្រាបថា ក្នុងឱកាសបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រុមហ៊ុន លី ហួរ គ្រុប នៅថ្ងៃឆ្លងឆ្នាំសកល ២០២០
លោកឧកញ៉ា លី ហួរ បានរៀបចំពិសាអាហារជូនបុគ្គលិក និងប្រគល់ពានរង្វាន់ និងប័ណ្ណសរសើរសម្រាប់បុគ្គលិកឆ្នើម សាខាឆ្នើម និងក្រុមហ៊ុនឆ្នើម ជាមួយនឹងកម្មវិធីចាប់រង្វាន់ផ្សងសំណាងជាច្រើន សម្រាប់ផ្តល់ជូនបុគ្គលិកគ្រប់ជាន់ថ្នាក់ផងដែរ៕