(ភ្នំពេញ)៖ តុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចផ្តន្ទាទោសជនជាប់ចោទម្នាក់ ឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារ អស់មួយជីវិត ពីបទឃាតកម្មគិតទុកមុន តាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ និង សងសំណងរដ្ឋប្បវេណីទៅឲ្យគ្រួសារជនរងគ្រោះ១២០លានរៀល ដែលជនជាប់ចោទរូបនេះ បានសម្លាប់ជនរងគ្រោះ ឈ្មោះ គឹម យ៉ានាង នៅចំណុចផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ និងបានកាត់សាកសព ជនរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាម និងនៅក្នុងទន្លេ គួរឲ្យភ្ញាក់ផ្អើលបំផុត។
គួររំលឹកថា! កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានក្មេងស្រីម្នាក់ បានកាន់រូបថតម្តាយ ដើរសួរគេឯងតាមផ្លូវទាំងយប់ ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ និងបានអំពាវនាវសុំឲ្យអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយរកម្តាយខ្លួន បណ្តាលឲ្យមានការភ្ញាក់ផ្អើលគេឯង ផ្តោតការចាប់អារម្មណ៍ និង អាណិតអាសូរក្មេងស្រីនោះគ្រប់គ្នា។
ដំណឹងសួររកម្តាយនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ ដល់សមត្ថកិច្ចអាវុធហត្ថភ្នំពេញដុតដៃដុតជើង ចេញស្រាវជ្រាវជួយតាមរកជនរងគ្រោះដែលបាត់ខ្លួននោះ រហូតដល់យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាវុធហត្ថខណ្ឌដូនពេញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌ សហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់អង្គហេតុនៃករណីបាត់ខ្លួនខាងលើ សង្ស័យជារឿងឃាតកម្ម និងបានកំណត់អត្តសញ្ញាណជនសង្ស័យ ឈានទៅ បំបែកសំណុំរឿង ឃាត់ខ្លួនជនសង្ស័យមកសួរនាំ រហូតជនសង្ស័យព្រមសារភាពទទួលកំហុស។
ជនសង្ស័យ មានមុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល ត្រូវបាន មហាជនចាត់ទុកថា ជាមនុស្សឈាមត្រជាក់ សាហាវ ឃោរឃៅ ប្រចាំឆ្នាំ២០១៩ ព្រោះតែសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានវែកមុខឲ្យឃើញថា សកម្មភាពរបស់ជនសង្ស័យ បានសម្លាប់និងបានកាត់សាកសពជាបំណែកៗ បោះចូលទន្លេ យ៉ាងរំភើយដោយគ្មានការតក់ស្លុតអ្វីបន្តិចសោះ ទៅលើសពជនរងគ្រោះ ដែលមានមុខរបរជាម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ មេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(អតីតខេត្តបាត់ដំបង)។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែជីវិតផ្ទាល់ខ្លួន របស់ជនសង្ស័យក៏គេចាត់ទុកថាធម្មតាដែរ គឺមានប្តីដល់ទៅ៦នាក់ (ប្តីទី១មានកូន១ ទី២មានកូន២ ទី៣មានកូន១ ទាំង៣នាក់ដំបូងនេះជាប្តីជនជាតិខ្មែរ ឯប្តីទី៤មានកូន១ ប្តីទី៥គ្មានកូន និងទី៦គ្មានកូន ទាំង៣នាក់ក្រោយនេះ គឺជាប្តីជនជាតិបរទេស)។
តាមការបញ្ជាក់របស់ជនសង្ស័យបានឲ្យដឹងថា មូលហេតុដែលឈានទៅដល់អំពើឃាតកម្មដ៏ឃោរឃៅនេះ គឺផ្តើមចេញពីជនរងគ្រោះ បានទារលុយ ដែលខ្លួនបានជំពាក់ ចំនួន700$ តែខ្លួនប្រកែកសុំសងតែ350$ប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងបាន គម្រាមថា បើមិនសងលុយគ្រប់ចំនួនទេ គេនឹងប្រាប់ម្ចាស់បំណុលផ្សេងៗអោយស្គាល់ផ្ទះ ដើម្បីទារលុយ ព្រមៗគ្នា (ព្រោះជនសង្ស័យជំពាក់លុយគេច្រើន)។ ពេលនិយាយគម្រាមរួចហើយ ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ និងឋិតក្នុងការព្រួយបារម្ភថា ជនរងគ្រោះនឹងផ្សព្វផ្សាយដំណឹង ដែលខ្លួនជំពាក់លុយគេច្រើននេះ ឲ្យលឺដល់ប្តីរបស់ខ្លួន ជនសង្ស័យក៏បានដើរ ទៅតាមក្រោយ ជនរងគ្រោះ យកដៃស្តាំច្របាច់ក ហើយយកម្រាមដៃឆ្វេងរុកច្រមុះអោយថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់ បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឱ្យកក រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំងង៉ុយដេកក្នុងទឹកតែ ឲ្យប្តីដែលជាជនជាតិអាមេរិកកាំងផឹក រហូតប្តីទន់ដៃទន់ជើងឡើងទៅដេកលក់ស្ងាត់ ទើបជនសង្ស័យ យកកាំបិត មកកាត់សាកសព ជនរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាមនិងនៅក្នុងទន្លេតែម្តង ទម្រាំតែសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរកមុខឃាតករឃើញ គឺប្រើពេលបានប្រើពេលរហូតដល់ទៅ១សប្តាហ៍៕