(កំពត)៖ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត រួមនឹងជួរថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអ្នកពាក់ព័ន្ធយ៉ាងច្រើនកុះករ បានចូលរួមក្នុងពិធីអបអរព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំ២០១៩ ឈានចូលឆ្នាំ២០២០។
ព្រឹត្តិការណ៍នេះ ធ្វើឡើងនៅបរិវេណមណ្ឌលកីឡាលើទឹក នៅឆ្នេរព្រែកកំពត ស្ថិតក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត។
សំណេះសំណាលក្នុងពិធីនេះ លោក ជាវ តាយ អភិបាលខេត្ត បានឲ្យដឹងថា ការរៀបចំពិធីឆ្លងឆ្នាំសកល មានភាពអធិកអធមនាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ បានពីកត្តាសុខសន្តិភាពឡើយ។
លោកអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកំពត បានថ្វាយព្រះបវរមហាប្រសើរ ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមស៊ីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សូមព្រះអង្គទាំងទ្វេបានប្រកបតែនឹងសេចក្តីសុខគ្រប់ប្រការ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដល់ប្រជារាស្ត្រខ្មែរ។
ជាមួយនេះដែរ លោកអភិបាលខេត្ត ក៏បានប្រសិទ្ធិពរបវរមហាប្រសើរ ដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕