(តាកែវ)៖ ប្រជាពលរដ្ឋប្រមាណជាង២ម៉ឺននាក់ បានចូលរួមពិធីឆ្លងឆ្នាំ នៅមុខមហោស្រពខេត្តតាកែវ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ព្រឹត្តការណ៍ពីធីឆ្លងឆ្នាំ២០១៩ ឈានចូលឆ្នាំ២០២០នេះ មានការចូលរួមពីលោក អ៊ូច ភា អភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងនៅក្នុងពិធីឆ្លងឆ្នាំ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងថា ការរៀបចំពិធីឆ្លងឆ្នាំសកល ដែលមានភាពអធិកអធមនាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ បានពីកត្តាសុខសន្តិភាព ដែលកម្ពុជាកំពុងតែមាន នៅពេលនេះឡើយ។
លោក អ៊ូច ភា ក៏បានថ្វាយព្រះបវរមហាប្រសើរ ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមស៊ីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សូមព្រះអង្គទាំងទ្វេ បានប្រកបតែនឹងសេចក្តីសុខគ្រប់ប្រការ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដល់ប្រជារាស្ត្រខ្មែរ។
ជាមួយនេះដែរ លោកអភិបាលខេត្តតាកែវ ក៏បានប្រសិទ្ធិពរបវរមហាប្រសើរ ដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ និងប្រកបការងារអ្វីសម្រេចដូចប្រាថ្នា។
លោកអភិបាលខេត្តតាកែវ អ៊ូច ភា បានបន្តថា នេះជាព្រឹត្តិការណ៍ជាលើកទី១ សម្រាប់ទឹកដីដ៏ចំណាស់មួយនេះ ហើយនាថ្ងៃចូលឆ្នាំខ្មែរ ឬឆ្នាំសកលក្រោយៗទៀត លោកអភិបាលតាកែវសន្យាថា នឹងរៀបចចំឲ្យមានជាលក្ខណៈធំៗ សម្រាប់ខេត្តដើម្បីឲ្យប្រជាពលរដ្ឋបានកម្សាន្តសប្បាយតទៅទៀត៕