(ភ្នំពេញ)៖ គិតពីដើមខែមករា ដល់ចុងឆ្នាំ២០១៩ មន្ទីរពេទ្យព្រះអង្គឌួង បានផ្ដល់សេវាពិនិត្យពិគ្រោះជំងឺក្រៅសរុបចំនួន ៣៨,៧៦៧៤ករណី, អ្នកសម្រាកព្យាបាលចំនួន ៥២,៦៨៧នាក់ និងវះកាត់ចំនួន ៤៤,១១១នាក់។
តាមការបញ្ជាក់របស់នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យ លូ លីឃាង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលមកពិនិត្យព្យាបាល និងពិគ្រោះជំងឺក្រៅចំនួន ៤៨៤,៤៧២នាក់ ក្នុងនោះ មានប្រជាពលរដ្ឋយើង ដែលប្រើនូវបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (បសស) ប្រមាណ ២៥៩,២៥២នាក់។ ដោយពិនិត្យពិគ្រោះជំងឺក្រៅ ២០៨,៧៣៧ករណី សម្រាកព្យាបាលចំនួន ២៧,៥៧៨នាក់ និងវះកាត់ចំនួន ២២,៩៣៧នាក់។
សម្រាប់ប្រើមូលនិធិសមធម៌សរុប ៤៧,៤៧៣នាក់ ដោយពិគ្រោះជំងឺក្រៅចំនួន ៣៥,៧៤១ករណី សម្រាកព្យាបាលចំនួន ៦,៤៣៨នាក់ និងវះកាត់ ៥,២៩៤នាក់។ អ្នកជំងឺលើកលែងបង់ថ្លៃសរុបប្រមាណ ២០,៨៩៤នាក់ ពិនិត្យពិគ្រោះជំងឺក្រៅចំនួន ១៧,០២១ករណី សម្រាកព្យាបាល ២,៥៥០ វះកាត់ ១,៣២៣នាក់។
ចំពោះអ្នកជំងឺបង់ពេញថ្លៃ សរុបប្រមាណ ១៥៦,៨០៨នាក់ ពិនិត្យពិគ្រោះជំងឺក្រៅចំនួន ១២៦,១៧៥ករណី សម្រាកព្យាបាលចំនួន ១៦,០៧៦នាក់ និងវះកាត់ចំនួន ១៤,៥៥៧នាក់។
នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងបញ្ជាក់ថា «ក្រុមគ្រូពេទ្យរបស់យើង គឺតែងតែត្រៀមលក្ខណៈជានិច្ច ២៤ម៉ោងជាងរៀងរាល់ថ្ងៃ ជាពិសេសថ្ងៃអាទិត្យ ដែលមានបងប្អូនកម្មករ-កម្មការិនី ដែលបានសម្រាកការងារ មកទទួលសេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យយើងមានចំនួនច្រើនរហូតដល់ទៅជិត១ពាន់នាក់»។ ដូច្នេះ គ្រូពេទ្យតែងតែប្រចាំជាប់និច្ច ទាល់តែផ្ដល់សេវាជូនពួកគាត់អស់ទើបសម្រាក៕
<img alt="" src="http://image.freshnewsasia.com/2018/118/fn-2018-09-17-15-42-13-22.jpg" width="730" pagespeed_url_hash="170537107"