(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃដំបូងនៃដើមឆ្នាំថ្មី បានយល់ឃើញថា ស្ថានភាពនៅប្រទេសកម្ពុជា នៅឆ្នាំ២០២០នេះ ក៏ដូចស្ថានភាពប្រទេសកម្ពុជា កាលពីឆ្នាំមុនៗដែរ គឺសន្តិភាពនៅតែមានភាពរឹងមាំទូទាំងប្រទេស មានការអភិឌ្ឍកាន់តែច្រើនឡើង ប្រជាជនកាន់តែសប្បាយរីករាយ ដោយសាមានជីវភាពកាន់តែធូធារ។
ក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ថាឆ្នាំកន្លងមក ក៏ដូចឆ្នាំមុនៗដែរ ប្រទេសយើងបានសន្តិភាពពេញទីទាំងស្រុងនៅទូទាំងប្រទេស ប្រជាជនយើងរីករាយសប្បាយ រស់នៅក្នុងប្រទេសមួយ ដែលមានសន្តិភាពរឹងមាំ មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់»។
សម្រាប់លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ឆ្នាំកន្លងមកប្រទេសកម្ពុជាត្រូវបានការពារដោយសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី ដែលសម្តេចបានការពារនូវឯករាជ្យ និងអធិបតេយ្យភាពពេញទី មិនឲ្យបរទេសណាជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងបានទេ។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងធ្វើឲ្យប្រជាជនមានភាពសប្បាយរីករាយ ដោយសារជីវភាពធូធារ ក្នុងពេលដែលប្រទេសផ្សេងៗទៀត ដូចជានៅអាមេរិកឡាទីន នៅមជ្ឈិមបូព៌ា និងប្រទេសមួយចំនួនទៀត កំពុងមានភាពច្របូកប្របល់ និងគ្មានសន្តិភាពពេញលេញ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តទៀតថា «ដូច្នេះក្នុងនាមខ្ញុំជាខ្មែរមួយរូប ខ្ញុំមានមោទនភាពណាស់ ហើយក៏ដូចជាប្រជាជនយើងដែរ មានការរីករាយណាស់ ដែលរស់នៅក្នុងប្រទេសមួយ ដែលមានសន្តិភាពពេញទី មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពេញមួយឆ្នាំទៅមួយឆ្នាំ កាន់តែកើនឡើងៗ ធ្វើឲ្យជីវភាពប្រជាជនកាន់តែធូរស្រាល កាន់បន្ថយភាពក្រីក្រ នៅប្រទេសយើងនេះ»។
លោកបន្ថែមថា នៅឆ្នាំ២០២០នេះ ប្រទេសកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រមាណជាង ៥០ប្រទេសចូលរួម។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលនឹងមកកម្ពុជាទាំងនោះ ត្រូវបានឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សង្ឃឹមថា ពួកគេនឹងបានឃើញកម្ពុជា មានសន្តិភាពពេញទី មានស្ថិរភាពនយោបាយ មានការរីកចម្រើនលើគ្រប់វិស័យ ដែលជារឿងគួរឲ្យមានមោទនភាព៕