(ភ្នំពេញ)៖ អរគុណសន្តិភាព! ដោយសារតែសុខសន្តិភាពពេញផ្ទៃប្រទេសនេះ បានអនុញ្ញាតឲ្យរាជរដ្ឋាភិបាល មានលទ្ធភាពអភិវឌ្ឍន៍ប្រទេស ប្រមូលចំណូលបានគាប់ប្រសើរ ដើម្បីដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុង១ឆ្នាំ២លើក គឺលើកទី១ ចាប់ពីថ្ងៃទី០១ ខែមករា និងលើកទី២ នៅចាប់ពីថ្ងៃទី០១ ខែមេសា។
នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរបំផុត ចំពោះជីវភាពរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ សម្តេចបានចេញអនុក្រឹត្យលេខ១៩២ អនក្របក ស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្រ្តីរាជការ ឆ្នាំ២០២០។
អនុក្រឹត្យនេះ សម្រេចកែប្រែឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានពីចំនួន២៣៤០រៀល ទៅចំនួន២៥០០រៀល ក្នុងមួយសន្ទស្សន៍ ដែលចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ។
ការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានពីចំនួន២៣៤០រៀល ទៅចំនួន២៥០០រៀលនេះ ធ្វើឲ្យកម្រិតប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន ចាប់ពីខែមករា ឆ្នាំ២០២០ដូចខាងក្រោម៖
១៖ មន្ត្រីរាជការស៊ីវិល៖ ពីប្រមាណ១,១០០,១០០រៀល ឆ្នាំ២០១៩ ដល់ប្រមាណ១,១៤២,៥០០រៀល នៅខែមករា ឆ្នាំ២០២០។
២៖ គ្រូបង្រៀន និងគ្រូពេទ្យ៖ ពីប្រមាណ១,២០០,១០០រៀល ឆ្នាំ២០១៩ ដល់ប្រមាណ១,២៤២,៥០០រៀល នៅខែមករា ឆ្នាំ២០២០។
៣៖ នគរបាលជាតិ (ពលបាលត្រី)៖ ពីប្រមាណ១,១៨៤,៥៧៧រៀល (ដោយគិតបញ្ចូលរបបអង្ករ) ឆ្នាំ២០១៩ ដល់ប្រមាណ១,២២៦,៩៧៧រៀល (គិតបញ្ចូលរបបអង្ករ) នៅខែមករា ឆ្នាំ២០២០។
៤៖ យោធិន (ពលទោ)៖ ពីប្រមាណ១,០៥៥,៩០០រៀល ឆ្នាំ២០១៩ ដល់ប្រមាណ១,០៩៣,៥០០រៀល នៅខែមករា ឆ្នាំ២០២០ (មិនគិតបញ្ចូលរបបអង្ករ)។
* សម្រាប់ឆ្នាំ២០២០ ប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យានឹងត្រូវបានដំឡើងដល់ចំនួន ៦៧០,០០០រៀល។
ដោយឡែកសម្រាប់ការដំឡើង ប្រាក់ដំណាច់មុខងារ នៅខែមេសា ឆ្នាំ២០២០វិញ នឹងធ្វើឲ្យកម្រិតប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធកើនឡើងដល់៖
១៖ មន្ត្រីរាជការស៊ីវិល៖ ចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,១៧២,៥០០រៀល។
២៖ គ្រូបង្រៀន និងគ្រូពេទ្យ៖ ចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,២៧២,៥០០រៀល។
៣៖ នគរបាលជាតិ (ពលបាលត្រី)៖ ចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,២៥៦,៩៧៧រៀល (គិតបញ្ចូលរបបអង្ករ)។
៤៖ យោធិន (ពលទោ)៖ ចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,១២៣,៥០០រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១,១៨១,៩៧៧រៀល។
ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចាប់តាំងពីនីតិកាលទី៥ នៃរដ្ឋសភា មកក្នុងការអនុវត្តន៍គោលនយោបាយ លើកកម្ពស់ជីវភាព រស់នៅរបស់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន ក៏ដូចជាកម្មករនិយោជិត រាជរដ្ឋាភិបាលបានខិតខំផ្តោត ការយកចិត្តទុកដាក់ជាប្រចាំ ក្នុងការដំឡើងប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា។ ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលតែគិតគូរ ឲ្យប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា ដែលត្រូវបានដំឡើងនោះ ត្រូវតែរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស ក្នុងស្មារតីសម្រួលបន្ទុកសម្រាប់មន្ត្រីរាជការ ក៏ដូចជាកម្មករនិយោជិតមួយកម្រិតថែមទៀត»។
ក្រៅពីដំឡើងប្រាក់បៀវត្សហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានកែសម្រួលពីដានប្រាក់បៀវត្សអប្បបរមានេះ មិនឲ្យជាប់ពន្ធលើប្រាក់បៀវត្សនោះឡើយ ទាំងមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នៅឆ្នាំ២០២០ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមានប្រាក់បៀវត្សរ៍ចាប់ពី ១លាន៣សែនរៀលឡើងទៅទើបជាប់ពន្ធ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ការដំឡើងប្រាប់បៀវត្សអប្បបរមាជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការលើកពន្ធប្រាក់បៀវត្សអប្បបរមា គឺត្រូវធ្វើឡើងនៅក្រោយៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពបងប្អូនកាន់តែប្រសើរ។
សូមជម្រាបថា កំណើនជាលំដាប់នូវប្រាក់បៀវត្សរបស់មន្ត្រីរាជការនេះ មិនអាចកាត់ផ្តាច់បានឡើយ ពីកត្តាសន្តិភាព ប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ ដូច្នេះសូមចូលរួមថែរក្សាសន្តិភាព និងការពារសន្តិភាពដ៏មានតម្លៃមហាសាលនេះកុំឲ្យបាត់បង់៕