(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក គាង សេង ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការ។
សូមបញ្ជាក់ថា លោកឧកញ៉ាបណ្ឌិត គាង សេង ជាស្ថាបនិកមជ្ឈមណ្ឌលបង្កើនផាសុកភាពនៅកម្ពុជា និងជាប្រធានស្ថាបនិកផាសុកភាពនៅកម្ពុជា ព្រមទាំងជាអគ្គនាយក ក្រុមហ៊ុន គាង សេង ស៊ីមន អ៉ិនធើណេសិនណល ក្រុមហ៊ុន «ទឹកញទេព»។
លោកឧកញ៉ាបណ្ឌិត គាង សេង កើតថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ បញ្ចស័ក ព.ស ២៥១៦ នៅភូមិវត្តកណ្តាល ឃុំស្វាយប៉ោរ ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានរៀបការនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៥ ជាមួយកញ្ញា ទុយ ស៊ីមន កើតថ្ងៃអង្គារ ០៦រោច ខែកត្តិក ឆ្នាំមមី សំរិទ្ធិស័ក ព.ស ២៥២២ កើតនៅភូមិម៉រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់។
រហូតដល់ពេលបច្ចុប្បន្ន លោកមានបុត្រា ០៤នាក់ និងបុត្រី០១នាក់។ លោកឧកញ៉ា បានបញ្ចប់កាសិក្សាមធ្យមសិក្សាបត្រភាគពីរ នៅឆ្នាំ១៩៩០ នៅស្រុកកំណើតឯខេត្តបាត់ដំបង។
នៅឆ្នាំ១៩៩១ លោកបានបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកទេសកសិកម្មចំការដូង (បច្ចុប្បន្នជាសាកលវិទ្យាល័យភូមិន្ទកសិកម្ម) ផ្នែកជលផល ជំនាន់ទី៧ នៅភ្នំពេញ។ បន្ទាប់ពីចប់បរិញ្ញាបត្រមក លោកគ្មានឱកាសវិលទៅស្រុកំណើតវិញទេ ព្រោះលោកមានបំណងចង់បន្តកាសិក្សារហូតដល់ថ្នាក់បណ្ឌិតដូចការប្តេជ្ញាចិត្តរបស់លោក។ ដើម្បីបានបន្តការសិក្សា នៅឆ្នាំ១៩៩៦ ក្រោយពីចប់បរិញ្ញាបត្រ លោកបានចូលបម្រើការងារនៅនាយកដ្ឋានជលផល (បច្ចុប្បន្ន រដ្ឋបាលជលផល) ជាមួយកម្មវិធីវារីវប្បកម្មរបស់វិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ីនៅកម្ពុជា។
នៅឆ្នាំ២០០០ ដូចការគ្រោងទុក លោកត្រូវបានស្ថាបននេះ បញ្ជូនឲ្យទៅបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ី ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ២០០២ លោកបានបន្តការងារនៅកន្លែងចាស់ និងបានបំពេញការងារជាច្រើនទៀតជាមួយអង្គការអភិវឌ្ឍន៍សហប្រជាជាតិរហូតដល់ឆ្នាំ២០១០ ក្រោមការចង្អុលបង្ហាញ ពីលោកសាស្ត្រាចារ្យបណ្ឌិត P.I Peter-ស្ថាបនិកផាសុកភាពពិភពលោក ទើបលោកសម្រេចចិត្តផ្លាស់ប្តូរការងារជាអ្នកជំនួញ ដែលមានភក្តីភាពជាមួយការបង្កើនផាសុកភាពដល់មនុស្សជាតិ។
ជាមួយនឹងការធ្វើជំនួញនេះ លោកក៏មិនភ្លេចបន្តការសិក្សារហូតដល់បញ្ចប់ថ្នាក់បណ្ឌិត (បណ្ឌិតផាសុកភាព) នៅឆ្នាំ២០១១ នៅកូឡំបូ ផងដែរ។ មិនត្រឹមតែរៀនសូត្រផ្នែកជំនាញវិទ្យាសាស្រ្ត និងសុខភាពទេ លោកឧកញ៉ាបណ្ឌិត គាង សេង បានសិក្សាអំពីតួនាទី និងក្រមសីលធម៌អាចារ្យខ្មែរបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរថែមទៀតផង។
តាំងពីឆ្នាំ២០១០រហូតដល់ពេលនេះ លោកទទួលបាននូវការប្រោសប្រទានងាជាឧកញ៉ា និងជាគ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា សំខាន់ៗជាច្រើន រហូតដល់គ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ និង ជាតូបការ ក្នុងឆ្នាំ២០១៥ និង២០១៦៕