(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសប្តេជ្ញាធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងឆ្នាំថ្មី ឆ្នាំ២០២០ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្លាយទៅជារដ្ឋមន្ត្រីមួយរូបដែលទទួលបានការកោតសរសើរជាខ្លាំងតាមរយៈសកម្មភាពធ្វើកំណែទម្រង់របស់ខ្លួននៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល បន្ទាប់ពីបានក្លាយជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០១៦ លោកបានធ្វើកំណែទម្រង់ជាច្រើនក្នុងការផ្តល់សេវា ដោយបានប្រើបច្ចេកវិទ្យាមកភ្ជាប់ជាមួយ។
តាមរយៈការធ្វើកំណែទម្រង់ទាំងនេះ បានធ្វើឱ្យការផ្តល់សេវាលើធ្វើផ្លាកលេខយានយន្ត ការធ្វើបណ្ណបើកបរ ឬពន្យារបណ្ណបើកបរតាមអនឡាញមានភាពល្អប្រសើរមិនជួបការលំបាកជាងមុនទៀតនោះទេ។ លោក ស៊ុន ចាន់ថុល ក៏បានធ្វើកំណែទម្រង់ជាច្រើន ដើម្បីពង្រឹងគុណភាពដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានផងដែរ។
សម្រាប់ឆ្នាំ២០២០ ដែលឈានមកដល់នាពេលប៉ុន្មានម៉ោងខាងមុខនេះ លោក ស៊ុន ចាន់ថុល បន្តប្តេជ្ញាជំរុញការធ្វើកំណែទម្រង់ស៊ីជម្រៅ សំដៅពង្រឹងគុណភាព និងស្តង់ដារក្នុងការជួសជុល សាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រមទាំងពង្រឹងការផ្តល់សេវាសាធារណៈ ដែលមានលក្ខណៈសាមញ្ញ ចំណេញពេលវេលា និងគ្មានចំណាយក្រៅផ្លូវការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គមជាក់ស្តែង ព្រមទាំងលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត។
ជាមួយការប្តេជ្ញាដាក់ចិត្តពង្រឹងការងារ និងផ្តល់សេវាឱ្យកាន់តែប្រសើរហើយនោះ នៅក្នុងឆ្នាំថ្មីនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យជួបប្រទះសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទីជិតទីឆ្ងាយ មានសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ។
លោក ស៊ុន ចាន់ថុល ក៏បានសូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយពេញបរិបូរណ៍កើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរកម្ពុជា ដើម្បីជួយជ្រោមជ្រែងការអភិវឌ្ឍប្រទេសជាតិជាទីស្រឡាញ់ឱ្យឈានឆ្ពោះទៅរកភាពសម្បូរសប្បាយរុងរឿង៕