(ភ្នំពេញ)៖ ឆ្នាំ២០១៩នេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំមិនគិតពីការនឿយហត់ នាំមកនូវប្រយោជន៍ជូនជាតិមាតុភូមិ តាមរយៈការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងបេសកកម្ម និងទស្សនកិច្ចនៅក្រៅប្រទេស។
រយៈពេលពេញ១ឆ្នាំ ក្នុងឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំពេញបេសកកម្ម និងទស្សនកិច្ចក្រៅប្រទេសចំនួន១២លើក ដែលក្នុងនោះមានប្រទេសចិន និងប្រទេសថៃច្រើនជាងគេ។
ខាងក្រោមនេះ ជាព័ត៌មានជាបន្តបន្ទាប់ដែលត្រូវបានផ្សាយលម្អិត នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ Fresh News ពាក់ព័ន្ធនឹងបេសកកម្ម និងទស្សនកិច្ចទាំង១២លើករបស់ មេដឹកនាំឆ្នើមរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្រៅប្រទេស៖
១៖ ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន រយៈពេល៤ថ្ងៃ ក្នុងខែមករា ឆ្នាំ២០១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៤ថ្ងៃ នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ដែលទស្សនកិច្ចនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ពន្ធ លើការនាំចូលអង្ករពីប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយ៤ពាន់លានយ័ន ស្មើនឹងជិត ៦០០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍនៅកម្ពុជាចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ លោកបានប្រកាសបន្តនាំចូលអង្ករកម្ពុជាទៅកាន់ប្រទេសចិនឲ្យបាន៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០១៩នេះ ដែលមានការកើនឡើង ១០ម៉ឺនតោនបើធៀបនឹងឆ្នាំមុន ដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា។
២៖ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ដើម្បីចូលរួមវេទិការខ្សែក្រវាត់ និងផ្លូវ លើកទី២
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ និងកិច្ចប្រជុំសំខាន់ៗជាច្រើនផ្សេងទៀត នៅទីក្រុងប៉េកាំង ប្រទេសចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។
ក្នុងជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន, លោក ស៊ី ប្រកាសផ្តល់ជំនួយប្រមាណ ៦០០លានយន់ ស្មើនឹងប្រមាណជិត ៩០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់វិស័យការពារជាតិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ស្នើប្រធានាធិបតីចិនឱ្យបន្តជួយគាំទ្រដល់រោងចក្រសហគ្រាសរបស់ចិនប្រមាណ៧០០ ដែលកំពុងរកស៊ីនៅកម្ពុជាឱ្យបន្តរកស៊ីនៅកម្ពុជាបន្ថែមទៀត ហើយក៏បានស្នើឱ្យជំរុញអ្នកវិនិយោគថ្មីរបស់ចិនបន្ថែមទៀតចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសបំពេញបេសកកម្មនៅប្រទេសចិននេះ កម្ពុជា- ចិន បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗ៦ រួមមាន៖
ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ។
ទី២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។
ទី៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន ចូលទីផ្សារចិន។
ទី៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើម «ខ្សែក្រ វ៉ាត់ និងផ្លូវ»។
ទី៥៖ ផែនការសកម្មភាព ស្តីពីការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន។
ទី៦៖ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាហិរញ្ញប្បទានឥតសំណង។
៣៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹក អាញ់ អតីតប្រធានរដ្ឋវៀតណាម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ អតីតប្រធានាធិបតីវៀតណាម នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩។ លោក ឡេ ដឹកអាញ់ បានទទួលមរណភាពក្នុងអាយុ៩៩ឆ្នាំ កាលពីវេលាយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសាររោគាពាធ។ លោក Duc Anh បានចំណាយពេលភាគច្រើន ក្នុងមួយជីវិតរបស់លោក នៅឯភាគខាងត្បូងប្រទេសវៀតណាម ជាទីដែលរូបលោកបានចូលរួមក្នុងសង្រ្គាម របស់បក្សកុម្មុយនិស្តវៀតណាម ប្រឆាំងនឹងអាមេរិក។ នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបសួរសុខទុក្ខ និងពិភាក្សាការងារមួយចំនួនជាមួយ លោកលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាមផងដែរ។ (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) អញ្ជើញទៅកាន់ទីក្រុងបាងកក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅចូលរួមសន្និបាតប្រចាំឆ្នាំ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងសន្និបាតនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចែករំលែកបទសោធន៍ដ៏សំខាន់ដល់អង្គសន្និបាត UN-ESCAP អំពីជោគជ័យដ៏ធំធេងបំផុតរបស់កម្ពុជា ក្នុងការបញ្ចប់សង្រ្គាមស៊ីវិល តាមរយៈគោលនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា អត្រាភាពក្រីក្រនៅកម្ពុជា បន្តធ្លាក់ចុះជាលំដាប់ពី៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥% ក្នុងឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់១០% នាពេលបច្ចុប្បន្ន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អង្គសន្និបាតទាំងមូល អំពីការរីកចម្រើនយ៉ាងលឿន របស់សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់៧.៧ភាគរយ។
សន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ ធ្វើឡើងក្រោមប្រធានបទ «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ (ចុចអាន)
៥៖ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន និងចូលរួមវេទិកា «អនាគតរបស់អាស៊ី»
វត្តមានសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន រយៈពេល៤ថ្ងៃនេះ មិនមែនត្រឹមតែចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» នោះទេ គឺសម្តេចមានជំនួបជាមួយមេដឹកនាំកំពូលរបស់ជប៉ុន វិនិយោគិនជប៉ុន រួមទាំងអង្គការអន្តរជាតិផ្សេងៗទៀត ដែលផ្តល់សារសំខាន់សម្រាប់ទំនាក់ទំនង វិស័យនយោបាយ និងសេដ្ឋកិច្ចកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដើម្បីបំពេញបេសកកម្ម៤ថ្ងៃ។
ក្នុងឱកាសទស្សនកិច្ចនេះ កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ចំនួន២ គឺការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនស្មើប្រមាណ១.៨លានដុល្លារអាមេរិក។ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា ដែលមានទឹកប្រាក់ ៣៣៩លានយ៉េន ស្មើប្រមាណជាង ៣លានដុល្លារអាមេរិក។
៦៖ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅហុងគ្រី និងចូលរួមសន្និសីទកំពូល CICA នៅតាគីជីស្ថាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់ប្រទេសហុងគ្រី នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ ហើយបន្តពីនេះសម្តេចបានអញ្ជើញចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាគីជីស្ថានថែមទៀត។
ក្នុងឱកាសជួបជាមួយសម្តេចតេជោ ហ៊ុន សែន, លោកនាយករដ្ឋមន្ត្រីហុងគ្រី បានប្រកាសគាំទ្រកម្ពុជាក្នុងការតស៊ូមតិ ដើម្បីការពារប្រព័ន្ធអនុគ្រោះក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) នៅលើទីផ្សារសហភាពអឺរ៉ុប។
ជាមួយគ្នានេះ អំឡុងទស្សនកិច្ចនេះ កម្ពុជា-ហុងគ្រី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៣ ក្នុងរួមមាន៖ ទី១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ទី២៖ កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ រវាងក្រសួងអប់រំយុវជន និងកីឡា ព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានមនុស្សហុងគ្រី សម្រាប់ឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២ និងទី៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ រវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា ជាមួយសាកលវិទ្យាល័យ Milton Friedman University នៃប្រទេសហុងគ្រី ក៏បានចុះហត្ថលេខាផងដែរ។
ដោយឡែក កំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅ អា ស៊ី (CICA) នៅទីក្រុង ឌូសាន់ បេ នៃសាធារណរដ្ឋតាជីគីស្ថាន សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ដោយបង្ហាញពីចំណុចខ្លាំងរបស់ ស៊ីកា ពោលគឺការគឺការផ្តោតលើវិធានការនៃការកសាងទំនុកចិត្ត និងការមើលឃើញពីសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងទេសចរណ៍។ ទន្ទឹមនឹងនេះ សម្តេចបានជំរុញឱ្យធ្វើការកាន់តែជិតស្និទ្ធជាមួយនឹង «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដែលជាក់ស្តែងនឹងផ្តល់ឱកាសដ៏ល្អសម្រាប់ប្រទេសជាសមាជិកស៊ីកា ដើម្បីពន្លឿនការតភ្ជាប់តំបន់ និង ពង្រឹងប្រព័ន្ធដឹកជញ្ជូននិងឡូជីស្ទីក។
៧៖ ការអញ្ជើញចូលរួមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ រយៈពេល២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៩ ធ្វើឡើងក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។ កិច្ចប្រជុំនេះ បានផ្តោតការយកចិត្តទុកដាក់ ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។
ស្របពេលជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញ ចូលរួមកិច្ចប្រជុំ និងកម្មវិធីមួយចំនួន ដូចខាងក្រោម៖
* កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន
* កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និង
* កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន។ (ចុចអាន)
៨៖ ទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា នៅវេលាម៉ោង៨៖១០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានរិះគន់ចំៗទៅលើចំណាត់ការរបស់គណៈកម្មការអឺរ៉ុប ដែលកំពុងអនុវត្តនីតិវិធីព្យួរការអនុគ្រោះពន្ធជាបណ្តោះអាសន្ន សម្រាប់ទំនិញកម្ពុជា។ សម្តេចបានហៅការចំណាត់ការរបស់ EU នេះ ជាការអនុវត្តស្តង់ដារច្រើនយ៉ាង។ ទោះបីជាយ៉ាងណា សម្តេចនៅតែរក្សាជំហរមួយច្បាស់លាស់ដដែល ពាក់ព័ន្ធនឹងបញ្ហា EBA ។ សម្តេចអះអាងថា ទោះបីទទួលបាន EBA កម្ពុជាមិនអាចក្លាយជាអ្នកមាន ហើយបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់ដែរ។ កម្ពុជាត្រូវតែបន្តពង្រឹង ពង្រីកទីផ្សាររបស់ខ្លួន ហើយអង្គការពាណិជ្ជកម្មពិភពលោក នៅតែជាដៃគូ ល្អជាមួយកម្ពុជា។
៩៖ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងហាណូយរយៈពេល២ថ្ងៃ នៅដើមខែតុលា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ រាជរដ្ឋាភិបាលប្រទេសទាំងពីរ បានព្រមព្រៀងគ្នាចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន០៩ ក្នុងគោលដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
ទី១៖ កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងទឹកប្រាក់ចំនួន ៣លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។
ទី២៖ កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភាកម្ពុជា។
ទី៣៖ អនុស្សារណៈយោគយល់គ្នាទៅវិញ ទៅមក រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម លើកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ ចុះហត្ថលេខាដោយតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រទេសទាំងពីរ។
ទី៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមតំបន់ព្រំដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។
ទី៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ រវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា។
ទី៦៖ អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
ទី៧៖ អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្តីពីសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី។
ក្រៅពីនោះ នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារចំនួន២ទៀត ទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរ ដែលសម្រេចបានចំនួន ៨៤ភាគរយ ដែលក្នុងនោះមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
១០៖ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ពាក់កណ្តាលខែតុលា ឆ្នាំ២០១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅប្រទេសចំនួន៣ ក្នុងតំបន់អឺរ៉ុបគឺ៖ សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី។ វត្តមានសម្តេចនៅលើទឹកដីអឺរ៉ុបនេះ មានរយៈពេលជិត១សប្តាហ៍ដោយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
អំឡុងទស្សនកិច្ចនេះ រដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួន៣រួមមាន៖ ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារអនុវត្តគម្រោងសុខាភិបាលឆែក VAMED, ទី២៖ អនុស្សារណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក និង ទី៣៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងបណ្ឌិត្យសភាការទូតនៃក្រសួងការបរទេសឆែក។
១១៖ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមផ្តល់ជាកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។
ឥស្សជនដែលចូលស្បថកាន់តំណែងសំខាន់ៗនេះ រួមមាន លោក ចូកូ វីដូដូ (Joko Widodo) ជាប្រធានាធិបតី និង លោក ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។ (ចុចអាន)
១២៖ ការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់ សម្តេចតេជោ ហ៊ុន សែន នៅប្រទេសថៃ
សម្តេចតេជោ ហ៊ុន សែន រួមទាំងបណ្តាមេដឹកនាំអាស៊ានទាំងអស់ បានចូលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផែក ជាយរាជធានីបាងកក ក្នុងខេត្តនុនថាក់បូរី ប្រទេសថៃ៕ (ចុចអាន)