(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចុះប្រគល់ស្ពានឈើមួយកន្លែង ដែលមានប្រវែងប្រមាណ៨០ម៉ែត្រ ឆ្លងកាត់ស្ពានស្ទឹងកែវ ស្ថិតក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ បន្ទាប់ពីបានជំនួសដោយស្ពានថ្មី ធ្វើពីបេតុងស្របគ្នានឹងស្ពានឈើចាស់នេះ ជូនដល់រដ្ឋបាលស្រុកឈូក បន្តសាងសង់ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឃុំចំនួន២ ក្នុងស្រុកឈូក។
នាឱកាសនោះ លោក ជាវ តាវ បានបញ្ជាក់ថា បន្តពីស្ពានបេតុងថ្មីនេះសាងសង់រួចរាល់ជាស្ថាពរ ព្រមទាំងបានមើលឃើញពីគុណភាព នៃតម្លៃឈើស្ពាននេះ នៅប្រើប្រាស់បាននៅឡើយ ហើយផ្អែកតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកឈូក។
ស្ពានឈើដែលជំនួសដោយស្ពានបេតុងដ៏ថ្មីនេះ គឺត្រូវបានប្រគល់ឱ្យរដ្ឋបាលស្រុកឈូក ដើម្បីយកទៅកសាងសម្រាប់សម្រួលដល់ការធ្វើដំណើរជូនដល់ប្រជាពលរដ្ឋចំនួន៣ទីតាំង លើឃុំ ចំនួន២ រួមមាន៖
១៖ ឃុំតាកែន៖ នៅចំណុច អូរកាច់ចង្កេះ ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ប្រវែង២៥ម៉ែត្រ តម្រូវការប្រជាជនប្រមាណជា ១០០គ្រួសារ។
២៖ ឃុំតេជោអភិវឌ្ឍន៍៖ នៅចំណុចស្ទឹងអង្កាញ់ ស្ថិតក្នុងភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ប្រវែង២០ម៉ែត្រ តម្រូវការប្រជាជនប្រមាណជា៥០០គ្រួសារ លើ៤ភូមិ។
៣៖ ឃុំតេជោអភិវឌ្ឍន៍ដែរ៖ នៅចំណុចអូរសំបុកឪម៉ាល់ ស្ថិតក្នុងភូមិតេជោជ្រៃបាក់ ប្រវែង២៥ម៉ែត្រ តម្រូវការប្រជាជនប្រមាណជា ១០០គ្រួសារ។
ក្រោយពីទទួលបាននូវសមិទ្ធិផលស្ពានបេតុងថ្មីឆ្លងកាត់ស្ទឹងកែវនេះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ត្រូវនាំគ្នាជំរុញការដាំដុះ ព្រមទាំងចិញ្ចឹមសត្វ ដើម្បីរួមផ្សំធ្វើឱ្យជីវភាព ការរស់នៅកាន់តែប្រសើរឡើង។ ចំណែកការដោះស្រាយបញ្ហាផលប៉ះពាល់ជូន ចំពោះប្រជាពលរដ្ឋ ១គ្រួសារ ប៉ះពាល់ពីការសាងសង់ស្ពានថ្មីស្ទឹងកែវនេះ លោកអភិបាលខេត្ត ក៏បានប្រគល់ភារកិច្ចឲ្យអាជ្ញាធរស្រុក ឃុំ ធ្វើការសម្របសម្រួលដោះស្រាយ ជូនប្រជាពលរដ្ឋផងដែរ។
គួររំលឹកដែរថា កាលដើមឡើយស្ពានឆ្លងកាត់ស្ទឹងកែវនេះ គឺធ្វើពីឈើហើយក៏មានការវាយប្រហារបំផ្លាញដោយទឹកជំនន់ នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ។ ដោយមានការចាំបាច់ និងយកចិត្តទុកដាក់ខ្ពស់ រាល់បញ្ហាលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងមើលឃើញពីសារៈសំខាន់នៃស្ពាននេះ។ លោកអភិបាលខេត្តកំពត ក៏បានបន្តកសាងស្ពានឈើថ្មីមួយឡើងវិញ ដែលជាអំណោយ ដ៏ថ្លៃថ្លាដោយប្រើប្រាស់ថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រវែង៨៥ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលឆ្លងកាត់របស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន។
បន្ទាប់មកលោកអភិបាលខេត្តកំពត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ រហូតទទួលបានជំនួសនូវសមិទ្ធផលស្ពានថ្មីស្រឡាងធ្វើពីបេតុង ដែលមានប្រវែង១០៥ ម៉ែត្រ ទទឹង៨ម៉ែត្រ បម្រើនូវសេចក្ដីតម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចសាធារណជនទូទៅ ក្នុងក្ដីសម្តែងការត្រេកអរ និងការដឹងគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការអនុវត្តប្រកាន់ខ្ចាប់ខ្ចួននូវគោលនយោបាយយុទ្ធសាស្រ្ត អភិវឌ្ឍន៍ប្រទេសជាតិ គឺផ្ដោតជាអតិភាពសំខាន់ ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស៕