(ភ្នំពេញ)៖ ខេត្តកំពតជាខេត្តមួយ ដែលកំពុងត្រូវប៉ាន់ខ្លាំង លើវិស័យអចលនទ្រព្យ ខណៈបច្ចុប្បន្នមានការចូលវិនិយោគ ពីបណ្ដាវិនិយោគិនជាច្រើន។
ការរីកចម្រើននៃវិស័យអចលនទ្រព្យនេះបណ្ដាលមកពីខេត្តកំពតកំពុងមានកំណើនទេសចរណ៍ច្រើន និងមានលំហូរចូលពីការវិនិយោគពីក្នុងខេត្តព្រះសីហនុ។ នេះបើតាមការលើកឡើងពីលោក កែវ សុជាតិ អ្នកជំនាញដីធ្លី និងជាប្រធានអនុសាខា KW-កម្ពុជា ប្រចាំខេត្តកំពត។
លោកបានលើកឡើងទៀតថា ដូចអ្នកទាំងអស់គ្នាបានជ្រាបហើយថា ក្រុងព្រះសីហនុ ត្រូវបានវិនិយោគិនចិនជាច្រើន សម្រុកមកវិនិយោគលើវិស័យដីធ្លីយ៉ាងកំហុក កត្តាទាំងនេះហើយដែលជំរុញឲ្យ តម្លៃដីធ្លីនៅក្នុងខេត្តកំពតហក់ឡើងខ្ពស់ និងកំពុងត្រូវប៉ាន់សម្រាប់ការវិនិយោគ។
លោក កែវ សុជាតិ បានលើកឡើងថា ខេត្តកំពតកំពុងមានសន្ទុះខ្លាំងលើវិស័យទេសចរណ៍ ដោយមានទេសចរជាតិ-អន្ដរជាតិជាច្រើនបានសម្រុក ចូលមកដើរលេងកំសាន្ដ កត្តាទេសចរណ៍នេះ គឺជារឿងមួយផ្នែក ដែលធ្វើឲ្យវិស័យអចលនទ្រព្យមានការកើនឡើង។ បច្ចុប្បន្ននេះក៏មានក្រុមហ៊ុនជាច្រើន បានកំពុងសម្លឹងទៅរកការវិនិយោគ នៅក្នុងខេត្តកំពត ជាក់ស្ដែងមានអាគារភ្លោះរបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានកំពស់ជាង៣០ជាន់ និងកំពស់ប្រមាណ៤០ជាន់ នេះជាចំណុចមួយបន្ថែមទៀត ក្នុងការរុញវិស័យអចលនទ្រព្យ នៅខេត្តកំពតឲ្យកាន់តែមានកំណើន។
ការឲ្យដឹងរបស់លោក កែវ សុជាតិ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងកម្មវិធីទទួលសិទ្ធិអាជីវកម្មរបស់ក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពត។
លោក កែវ សុជាតិ «នេះជាឱកាសល្អ សម្រាប់បងប្អូនដែលចង់វិនិយោគលើ វិស័យដីធ្លីក្នុងខេត្តកំពត ព្រោះថាបច្ចុប្បន្នដីធ្លីកំពុងមានសន្ទុះខ្លាំង និងល្អប្រសើរសម្រាប់វិនិយោគិន»។
លោកបណ្ឌិត គីម ហ៊ាង អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ KW-កម្ពុជា ក៏បានឲ្យដឹងថា វិស័យដីធ្លីនៅឆ្នាំ២០២០ខាងមុខនេះ នៅតែបន្ដភាពរីកចម្រើន ដូច្នេះការវិនិយោគលើវិស័យដីធ្លី ជាការវិនិយោគដែលគ្មានកត្តាហានីភ័យ។
លោកបណ្ឌិត គីម ហ៊ាង បានបន្ថែមថា «មានហេតុផលមួយចំនួន ដែលខ្ញុំអះអាងថា ឆ្នាំក្រោយវិស័យដីធ្លីនៅកម្ពុជា នៅតែបន្ដភាពរឹងមាំ។ រឹងមាំព្រោះថា កម្ពុជាមានទីតាំងភូមិសាស្រ្ដល្អ ដោយមិនមានគ្រោះធម្មជាតិផ្សេងៗ, កត្តាសេដ្ឋកិច្ចល្អ ដោយរក្សាបានកំណើនល្អប្រសើរ ជាក់ស្ដែងឆ្នាំនេះកំណើនសេដ្ឋកិច្ច រក្សាបានក្នុងបរិមាណ៧% ហើយកត្តាសំខាន់មួយទៀតនោះ គឺយោបាយដ៏រឹងមាំ ពេលនយោបាយរឹងមាំ សេដ្ឋកិច្ចនឹងរឹងមាំដូចគ្នានេះដែរ»៕