(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ បានចាត់ឲ្យលោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត អនុប្រធាសេនាធិការ និងជាជំនួយការយកថវិកាចំនួន ១០លានរៀល ប្រគល់ជូនមន្ដ្រីនគរបាលដែលកូន ត្រូវរថយន្ដបុកស្លាប់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារកន្លងទៅ។
លោកអនុសេនីយ៍ឯក ព្រេម សុភ័ណ មន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាឪពុករបស់ក្មេងស្រីរងគ្រោះឈ្មោះ ភណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ ត្រូវបានលោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ នាំមកទទួលថវិកាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត ក៏បាននាំនូវក្ដីសោកស្ដាយ និងចូលរួមរំលែកទុក្ខរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ជូនក្រុមគ្រួសារក្មេងស្រីរងគ្រោះ និងសន្យាថា បន្ដរកយុត្តិធម៌ឲ្យដល់ទីបំផុត។ លើសពីនេះ លោកក៏បានផ្ដាំផ្ញើឲ្យឪពុកក្មេងស្រីរងគ្រោះ កុំបាក់ទឹកចិត្ត ពោលត្រូវខិតខំប្រឹងប្រែងធ្វើការបន្ថែមទៀត។
ជាមួយគ្នានេះ លោកអនុសេនីយ៍ឯក ព្រេម សោភណ្ឌ និងក្រុមគ្រួសារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយឧត្តមសេនីយ៍ នេត សាវឿន ដែលយកចិត្តទុកដាក់ដល់មន្ដ្រីក្រោមឱវាទគ្រប់ពេលវេលានៅពេលជួបរឿងអកុសល ឬបញ្ហាផ្សេងៗ។
គួរជម្រាបថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្ដាលឲ្យក្មេងស្រី២នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយជនរងគ្រោះម្នាក់ឈ្មោះ ភណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។
រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចាប់ជនបង្កដែលបើកបុកយុវតីសិស្សសាលា២នាក់ ស្លាប់យ៉ាងអណោចអធ័ម នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារបានហើយ ខណៈដែលអ្នកបើករថយន្ត AUDI ដែលកម្លាំងសមត្ថកិច្ចចាប់បានលើកមុននេះ ត្រូវអនុញ្ញាតឲ្យត្រឡប់ទៅវិញ ព្រោះមិនជាប់ពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះថា ក្រោយពីទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ និងកម្លាំងជំនាញ បានបើកការស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនបង្ក (អ្នកបើក) និងម្ចាស់រថយន្ត Highlander ពាក់ផ្លាកលេខ 2AG-7942 ពណ៌ទឹកមាស ដែលបើកបុកយុវតីសិស្សសាលា២នាក់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនបង្កឈ្មោះ សូត្រ អាយុប្រមាណ៣៨-៣៩ឆ្នាំ, ម្ចាស់រថយន្តឈ្មោះ សុខ នៅ អាយុប្រមាណ៦០ឆ្នាំ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះអ្នកបើករថយន្ត AUDI ដែលកម្លាំងសមត្ថកិច្ចចចាប់ឃាត់កាលពីលើកមុន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយសាកសួរ គឺមិនជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់នេះឡើយ គឺជាប់ពាក់ព័ន្ធជាមួយរថយន្ត Highlander តែប៉ុណ្ណោះ។ ឧត្តមសេនីយ៍ស្នងការនគរបាលបញ្ជាក់ថា នៅថ្ងៃកើតហេតុថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ទាំងជនបង្ក និងម្ចាស់រថយន្ត Highlander ទាំងពីរនាក់ គឺស្ថិតនៅក្នុងរថយន្តជាមួយគ្នា ហើយអ្នកទាំងពីរ នឹងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់៕