(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឲ្យម្ចាស់សហគ្រាសចំនួន៩០ មកកែតម្រូវព័ត៌មានចុះបញ្ជីពន្ធដារ ឲ្យបានត្រឹមត្រូវឡើងវិញ ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានទទួលពាក្យស្នើសុំចុះបញ្ជីពន្ធដារចំនួន៩០សហគ្រាស ដែលបានប្រើប្រាស់ ទីស្នាក់ការមានភាពមិនប្រក្រតី ដូចជាកំពុងស្ថិតក្នុងដំណើរការសាងសង់ ជាដីទំនេរ ខុសអាសយដ្ឋាន គ្មានអ្នកប្រចាំការនៅការិយាល័យ ឬលេខទូរស័ព្ទមិនអាចទំនាក់ទំនងបាន ប្តូរអាសយដ្ឋានទីស្នាក់ការ ទៅទីតាំងផ្សេងដោយមិនបានផ្តល់ព័ត៌មាន មករដ្ឋបាលសារពើពន្ធ ដែលផ្ទុយពីការណែនាំដូចមានចែងក្នុងប្រកាសលេខ ៤៩៦ សហវ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការចុះបញ្ជីពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ដូចនេះ ដើម្បីជៀសវាងនូវការបាត់បង់ ផលប្រយោជន៍ណាមួយ របស់លោក-លោកស្រី ដែលជាម្ចាស់សហគ្រាស ចំពោះការបដិសេធការចុះបញ្ជីពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោក-លោកស្រី ដែលជាម្ចាស់សហគ្រាស ដូចមានភ្ជាប់ក្នុងបញ្ជីឈ្មោះសហគ្រាស មកសហការកែតម្រូវព័ត៌មាន ឲ្យបានត្រឹមត្រូវឡើងវិញ ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
សម្រាប់ព័ត៌មានផ្សេងៗ សូមទំនាក់ទំនងមកនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅអគារសាលាជាតិពន្ធដារ (៤២-៤៣) ជាន់ទី០៦ ផ្លូវ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈមជ្ឈមណ្ឌលផ្តល់ព័ត៌មានទូរស័ព្ទលេខ ១២៧៧ ឬ ០២៣ ៨៨ ៤៤ ៨១។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមជឿជាក់យ៉ាងមុតមាំ លើស្មារតីទទួលខុសត្រូវខ្ពស់ របស់លោក-លោកស្រី ម្ចាស់សហគ្រាស ក្នុងការអញ្ជើញមកសហការ កែតម្រូវឲ្យបានត្រឹមត្រូវកុំបីខាន៕