(ស៊ូជី, ចិន)៖ រដ្ឋាភិបាលចិនផ្តល់អាហារូបករណ៍ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យចំនួន១០០កន្លែងក្នុងមួយឆ្នាំជូនដល់សិស្សកម្ពុជា។ អាហារូបករណ៍នេះផ្តល់តាមរយៈសមាគមអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ លោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបថ្នាក់ដឹកនាំគណៈគ្រប់គ្រងឧទ្យានអប់រំហៃលៀង (Hailiang Education Park) ក្នុងទីក្រុងស៊ូជី ខេត្តជេជាង ប្រទេសចិន ដើម្បីពិភាក្សការងារមួយចំនួនជាមួយគណៈគ្រប់គ្រងសាលាឧទ្យានអប់រំហៃលៀង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តការក្នុងការវិនិយោគវិស័យអប់រំ និងវិស័យទេសចរណ៍រវាងកម្ពុជា និងចិន។ ជាពិសេសជាមួយ Hailiang Group ក្នុងការជួយផ្តល់អាហារូបការណ៍សិក្សាមិនបង់ថ្លៃពីថ្នាក់អនុវិទ្យាល័យ ដល់ថ្នាក់វិទ្យាល័យជូនសិស្សកម្ពុជាបន្ថែមទៀត។

ក្នុងជំនួបនោះអ្នកទទួលបន្ទុកអប់រំនៃសហគ្រាសហៃលៀង បានគូសបញ្ជាក់ថា នៅឆ្នាំ២០២០ សាលាអន្តរជាតិឧទ្យានអប់រំហៃលៀង នឹងជ្រើសរើសយុវសិស្សអាហារូបករណ៍ចំនួន ១០០នាក់ផ្សេងទៀត ដែលមានលក្ខណៈសម្បត្តិដូចកុមារា ធុច សាលី មកសិក្សានៅឧទ្យានអប់រំហៃលៀង ដោយឥតគិតថ្លៃ។

អ្នកបន្ទុកផ្នែកអប់រំនៃសហគ្រាសហៃលៀង បានលើកឡើងទៀតថា ខ្លួននឹងខិតខំឱ្យអស់ពីសមត្ថភាព សហការជាមួយកម្ពុជា ក្នុងការរៀបចំទីកន្លែង និងការប្រឡង ដោយខាងសាលាអាចនឹងរៀបចំក្រុមការងារពិសេសមួយទៅកម្ពុជា ដើម្បីប្រឡងសាកល្បងសមត្ថភាពជ្រើសរើសយកសិស្សដែលមានទេពកោសល្យ តាមរយៈការប្រឡងប្រជែងដែលមានតម្លាភាព និងយុត្តិធម៌។

ក្នុងដំណើរទស្សនកិច្ចនៅឧទ្យានអប់រំហៃលៀងនេះ លោកបណ្ឌិត សុខ សុក្រឹត្យ បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះគុណភាពអប់រំនៅឧទ្យានអប់រំហៃលៀងនេះ។ លោក សុខ សុក្រឹត្យ បានគូសបញ្ជាក់ទៅកាន់គណៈគ្រប់គ្រងឧទ្យានអប់រំនេះថា នឹងរាយការណ៍ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពីគុណភាពអប់រំនៅក្នុងឧទ្យាននេះ ដើម្បីស្វែងរកឱកាសពន្លឿនកិច្ចសហការធ្វើសមាហរណកម្មអប់រំហៃលៀងនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះលោករដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងដែរថា ចិន ជាប្រភពទេសចរណ៍ធំជាងគេរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នាចុងក្រោយនេះ ជាហេតុនាំឱ្យកម្ពុជាត្រូវការអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ចេះនិយាយភាសារចិនយ៉ាងច្រើន។ ក្នុងន័យនេះ លោក សុខ សុក្រឹត្យា បានស្នើឱ្យក្រុមហ៊ុនហៃលៀងជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាក្នុងវិស័យទេសចរណ៍។

សូមបញ្ជាក់ថា ឧទ្យានអប់រំហៃលៀង គឺជាគ្រឹះស្ថានអប់រំមួយ ដែលកុមារា ធុច សាលី ទទួលបានអាហារូបករណ៍សិក្សាដោយមិនបង់ថ្លៃ។ ធុច សាលី គឺជាកុមារាមកពីខេត្តសៀមរាប មានសមត្ថភាពនិយាយរហូតដល់ទៅ១៥ភាសា ហើយគេបានទទួលភាពល្បីល្បាញយ៉ាងខ្លាំងលើបណ្តាញសង្គម៕